សារធាតុមេតាណុល ឬអាល់កុលក្លែងក្លាយ ប្រមាណ ២០០ កាន ត្រូវបានរកឃើញ និងឃាត់ទុក
ភ្នំពេញ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ត្រួតពិនិត្យទីតាំងផ្ទះលេខ A23 សង្កាត់កន្ទោក ខណ្ឌកំប៉ូល រាជធានីភ្នំពេញ បានរកឃើញសារធាតុមេតាណុល ឬអាល់កុលក្លែងក្លាយ ចំនួន២០០កាន ស្មើ ៦.០០០ លីត្រ។
នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២០ ក្រោយទទួលបានព័ត៌មាន អំពីទីតាំងស្តុកទុកសម្រាប់ចែកចាយ នូវសារធាតុមេតាណុល (អាល់កុលក្លែងក្លាយ) នៅទីតាំងមួយកន្លែងក្នុងទឹកដីខណ្ឌកំបូល រាជធានីភ្នំពេញ ឯកឧត្តម ផាន អូន អគ្គនាយក អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាដល់មន្ត្រីក្រោមឱវាទ ឱ្យចុះស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់នៅទីតាំងខាងលើ។ សកម្មភាពស្រាវជ្រាវ និងបង្ក្រាបខាងលើ ធ្វើឡើងដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្ម កងកម្លាំង អាជ្ញាធរដែនដីខណ្ឌកំបូល ដោយមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ និងគាំទ្រដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប ផងដែរ។
ក្រោយការត្រួតពិនិត្យទីតាំងផ្ទះលេខ A23 សង្កាត់កន្ទោក ខណ្ឌកំប៉ូល រាជធានីភ្នំពេញ និងយោងលទ្ធផលវិភាគ សមត្ថកិច្ចចម្រុះបានរកឃើញសារធាតុមេតាណុល ឬអាល់កុលក្លែងក្លាយ ចំនួន២០០កាន ស្មើ ៦.០០០លីត្រ ស្តុកនៅក្នុងទីតាំងខាងលើ។ ដើម្បីការពារខ្លាចក្រែងមានការបន្លំយកសារធាតុមេតាណុលទាំងនេះ ចែកចាយលក់ជូនប្រជាពលរដ្ឋ ធ្វើជាអាល់កុលសម្រាប់លាងដៃ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើ លោកព្រះរាជអាជ្ញារង និងសមត្ថកិច្ចចម្រុះ បានសម្រេចបិទទីតាំងខាងលើជាបណ្តោះអាសន្ន ហើយវត្ថុតាងរក្សាទុក នៅទីតាំងផ្ទះនោះដដែល ដើម្បីឱ្យម្ចាស់ទំនិញ យកឯកសារពាក់ព័ន្ធមកបង្ហាញសមត្ថកិច្ច អនុវត្តនីតិវិធីបន្ត។
អគ្គនាយកដ្ឋាន ក.ប.ប សូមអំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករលក់ដុំ និងលក់រាយទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕