ក្រសួងព័ត៌មានមិនដែលប្រកាស ទទួលស្គាល់ការព័ត៌មានផ្សព្វផ្សាយតាមហ្វេសប៊ុកធ្វើឡើងស្របច្បាប់នោះទេ
ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងព័ត៏មាន និងជា អ្នកនាំពាក្យបានបញ្ជាក់ច្បាស់ៗ ទៅគ្រប់បណ្តាញផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២០ នេះ អ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា ឯកឧត្តម មាស សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា ក្រសួងមិនដែលប្រកាសទទួលស្គាល់ថាការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ ។ លោក ថា ក្រសួងផ្តល់ការទទួលស្គាល់ចំពោះតែការចុះបញ្ជីត្រឹមត្រូវផ្សព្វផ្សាយព័ត៌មាននៅលើគេហទំព័រប៉ុណ្ណោះ ។
លោកអ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់ដូច្នោះគឺធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងព័ត៌មានដែលរៀបចំឡើងនៅព្រឹកថ្ងៃទី៩ មេសានេះ នាទីស្តីការគណៈរដ្ឋមន្រ្តី ។
សម្រាប់លោក មាស សោភ័ណ្ឌ សម្រាប់ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាពេលកន្លងទៅនេះ គឺក្រសួងមិនដែលទទួលស្គាល់ឡើយ ។ ដោយឡែកចំពោះបញ្ហានេះក៏ក្រសួងមិនបានពង្រើយកន្តើយឡើងដោយក្រសួងបានមានវិធានការផ្លូវច្បាប់ក្នុងការអប់រំណែនាំដល់អង្គភាព ឬស្ថាប័នព័ត៌មាននានាណាដែលមិនបានចុះបញ្ជីត្រឹមត្រូវ ។
លោក ក៏ព្រមានដែរថា ចំពោះអ្នកដែលប្រើបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងមានចេតនានៅក្នុងការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ៕
សំរិត