រៀបចំផែនការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ ចាប់ពីម៉ោង ២៤:០០ ថ្ងៃទី៩ ខែមេសា
ភ្នំពេញ៖ នាយប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមឃួង ស្រេង បានដឹកនាំក្រុមការងារ រដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យបន្ទាន់អំពីស្ថានភាព រៀបចំផែនការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ ចាប់ពីម៉ោង ២៤:០០ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជាលេខ០២ ប.ប ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិតលើការធ្វើដំណើរ ក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតនៃជំងឺកូវីដ-១៩។
អភិបាលរាជធានី បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា រាជរដ្ឋាភិបាល ដាក់បទបញ្ជាដាក់កំហិតការធ្វើដំណើរក្នុងប្រទេស ដើម្បីជំរុញបន្ថែមនូវការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៅតាមគោលដៅនានាតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការចាត់វិធានការ ការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មិនត្រូវធ្វើដំណើរពីខណ្ឌមួយទៅខណ្ឌមួយនោះទេ ក្នុងរយៈពេលនៃការបទបញ្ជានេះ។
ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅព្រលប់ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំជាបន្ទាន់ មួយជាមួយ អាជ្ញាធរខណ្ឌទាំង១៤និងសមត្ថកិច្ចទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានី ដើម្បីត្រៀមរៀបចំផែនការនៃការបិទចរាចរណ៍ចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត ក្រុង ស្រុកនានា ឆ្លើយតបទៅនឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីចូលរួមការរីករាលដាល COVID-19។
ក្នុងកិច្ចប្រជុំនោះឯកឧត្តម ឃួង ស្រេង ដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងសមត្ថកិច្ចទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានី ត្រូវអនុវត្តការងារឲ្យបានជោគជ័យ គឺមិនអនុញ្ញាតឲ្យមានការធ្វើដំណើរចេញ ចូលរាជធានីភ្នំពេញឡើយ ចំពោះរថយន្តដឹកអ្នកដំណើរ រាប់ទាំងរឺម៉កកង់បី ដែលមាន អ្នកជិះចាប់ពី៤នាក់ឡើងទៅ គឺអាចធ្វើចរាចរណ៍បានម៉ូតូ។ ចំពោះការផឹកស៊ីបង្កភាពអនាធិបតេយ្យ ក៏ត្រូវហាមឃាត់ផងដែរ ហើយការងារនេះ ត្រូវចាមផ្តើមអនុវត្តនៅម៉ោង២៤និង០០នាទីយប់នេះតទៅ រហូតដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២០។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀតរហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តន៍ពីម៉ោង២៤និង០០នាទីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២០។
គួរបញ្ជាក់បន្ថែមថា បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការហាមឃាត់នេះត្រូវបានលើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន។
រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ។រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។ រថយន្តពន្លត់អគ្គីភ័យ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់ ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ–សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វី ឲ្យល្អជាងការ ចេញបទបញ្ជាបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេស ក្នុងគ្រាអាសន្ន ប្រហែលជាច្បាប់នោះ ត្រូវយកមកអនុវត្តនាពេលនេះដែរ។ សូមការយោគយល់ពីសំណាក់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ”៕