ជនសង្ស័យនាំពោះវៀនជ្រូក និងគ្រឿងក្នុងមានសារធាតុគីមី ២កុងតឺន័រ ត្រូវបានបញ្ជូនមកដល់សាលាដំបូង
ខេត្តកណ្តាល៖ ជនសង្ស័យជាម្ចាស់ឃ្លាំង និងលួចនាំចូលពោះវៀនជ្រូក គ្រឿងក្នុងសត្វ ដែលមានសារធាតុគីមីចំនួន២កុងតឺន័រ ទម្ងន់ប្រមាណ៥តោន ដែលសមត្ថកិច្ចបង្ក្រាបកាលពីម្សិលមិញនេះ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបាននគរបាលខេត្តកណ្តាល បញ្ជូនខ្លួនមកដល់សាលាដំបូងខេត្តហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ។
ជនសង្ស័យឈ្មោះ ហ៊ឹម សុខហឿន អាយុជាង៣០ឆ្នាំ លួចនាំចូលពោះវៀនជ្រូក គោ គ្រឿងក្នុងសត្វ ចំនួន២កុងតឺន័រ ស្មើ៥តោន មានក្លិនស្អុយ ដែលខាងជំនាញកាំកុងត្រូលបញ្ជាក់ថា នាំចូលអត់លិខិតស្នាម និងជាប្រភេទស្អុយចម្លងមេរោគ ។ ការលួចនាំចូលពោះវៀនជ្រូក គោ គ្រឿងក្នុងសត្វ ចំនួន២កុងតឺន័រ ស្មើ៥តោន ត្រូវបានបង្ក្រាបនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ។
នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) ខេត្តកណ្តាល ដោយមានការចូលរួមដោយអភិបាលរងខេត្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត មន្ត្រីនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច មន្ត្រីសាខាគយ និងរដ្ឋាករ មន្ត្រីបសុព្យាបាល អាជ្ញាធរដែនដី និងអធិការស្រុក បានចុះត្រួតពិនិត្យ ផលិតផលពោះវៀនជ្រូក មានទម្ងន់ ៥តោន ដែលផ្ទុកក្នុងកុងតឺន័រចំនួន ២ ស្តុកទុកក្នុងឃ្លាំងគ្មានលេខ ដែលស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ការត្រួតពិនិត្យ ត្រូវបានគាំទ្រដោយរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋានក.ប.ប. ផងដែរ។
អគ្គនាយកដ្ឋានក.ប.ប. បានឲ្យដឹងថា ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានរកឃើញថា ទំនិញពុំមានឯកសារបញ្ជាក់ និងមានសភាពស្អុយ មានចម្លងមេរោគ ដោយសារការវេចខ្ចប់ និងទុកដាក់ពុំត្រឹមត្រូវតាមគោលការបច្ចេកទេស។
ដោយសង្កេតឃើញថា ផលិតផលទាំងនេះបានខូចគុណភាពពុំអាចយកមកប្រើប្រាស់ជាម្ហូបអាហារសម្រាប់បរិភោគបាន សមត្ថកិច្ចចម្រុះបានសម្រេចឃាត់ទុកទំនិញទាំងនេះ ជាបណ្តោះអាសន្ននៅឃ្លាំងខាងលើ ដើម្បីបំពេញបែបបទយកទៅកំទេចចោលតាមនីតិវិធី។ ចំណែកម្ចាស់ទំនិញត្រូវបាននាំខ្លួនទៅសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕