រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ណែនាំដល់ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត ឲ្យរក្សាទុកទូរទស្សន៍ខ្សែកាប១ប៉ុស្តិ៍ក្នុង១ខេត្ត សម្រាប់ផ្សាយកម្មវិធីរៀនសូត្រពីចំងាយ
តាមខ្លឹមសារនៃលិខិតលេខ០៧១ ព.ម រចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងព័ត៌មាន ដែលជំរាបជូនដល់ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើសុំរក្សាទុកទូរទស្សន៍ខ្សែកាប១ប៉ុស្តិ៍ក្នុង១ខេត្ត សម្រាប់ផ្សាយកម្មវិធីរៀនសូត្រពីចំងាយ តាមប្រព័ន្ធទូរទស្សន៍ផ្កាយរណប តេជោ ធីវី នូវកម្មវីធី ទទក.២ ខណៈបច្ចុប្បន្ននេះ ក្រសួងព័ត៌មាន កំពុងរៀបចំដាក់ឲ្យដំណើរការតាមប្រព័ន្ធទូរទស្សន៍ផ្កាយរណប តេជោ ធីវី នូវកម្មវីធី ទទក.២ ដែលជាកម្មវិធីដោយឡែកសម្រាប់ផ្សាយការងារអប់រំ ( ចំណេះដឹងទូទៅ បំណិនជីវិត ច្បាប់) ។
តាមខ្លឹមសារនៃលិខិត បានបញ្ជាក់បន្ថែមថា នៅពេលដែលសាលាត្រូវបិទជាបណ្ដោះអាសន្ន និង ក្នុងចក្ខុវិស័យពង្រឹងគុណភាពអប់រំ ដើម្បីឲ្យសិស្សានុសិស្សនៅជនបទ អាចទទួលបានការអប់រំមួយប្រកបដោយគុណភាពដូចសិស្សានុសិស្សនៅក្នុងទីក្រុង ការរក្សាទុកទូរទស្សន៍ខ្សែកាប១ប៉ុស្តិ៍ក្នុង១ខេត្ត សម្រាប់ផ្សាយនូវកម្មវិធី ទទក.២ ដែលជាកម្មវិធីសិក្សារបស់ក្រសួងអប់រំ សម្រាប់សិស្សានុសិស្សគ្រប់កំរិត ចាប់ពីមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ក្នុងរយៈពេលដែលប្រទេសកំពុងជួបប្រទះនូវជំងឺឆ្លងកូវីដ១៩ ។
គួររំលឹកថា នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងគោលបំណងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅកម្ពុជា និង ក្នុងស្មារតីធានាសេវាអប់រំ ប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្សនៅជនបទ អាចទទួលបានការអប់រំ ប្រកបដោយគុណភាព ដូចសិស្សានុសិស្សនៅទីក្រុង ៕