បងប្អូនកម្មករកម្មការិនី និងពុកម៉ែបងប្អូនដែលស្នាក់នៅប្រកបរបររកស៊ីនៅភ្នំពេញ មេត្តាកុំបារម្ភ កុំកង្វល់ចំពោះវិធានការនានារបស់អាជ្ញាធរ
ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី៩ មេសា ២០២០ បានសរសេរសារផ្ញើជូនចំពោះបងប្អូនកម្មករកម្មការិនី ស្នើសុំយ៉ាងទទូចដល់បងប្អូនដែលបម្រើការងារតាមរោងចក្រ សហគ្រាស ក្រុមហ៊ុននានា សូមមេត្តាបន្តនៅធ្វើការក្នុងអំឡុងចូលឆ្នាំ ដែលរាជរដ្ឋាភិបាលសម្រេចផ្អាក ជាពិសេសសូមបងប្អូនកម្មករកម្មការិនី និងពុកម៉ែបងប្អូនដែលស្នាក់នៅប្រកបរបររកស៊ីនៅភ្នំពេញ មេត្តាកុំបារម្ភ កុំកង្វល់ចំពោះវិធានការនានារបស់អាជ្ញាធរ ។
ឯកឧត្តម បានថ្លែងថា ក្នុងនាមពលរដ្ឋម្នាក់ ខ្ញុំសូមទទូចជាពិសេសបងប្អូនដែលបម្រើការងារតាមរោងចក្រ សហគ្រាស ក្រុមហ៊ុននានា សូមមេត្តាបន្តនៅធ្វើការក្នុងអំឡុងចូលឆ្នាំ ដែលរាជរដ្ឋាភិបាលសម្រេចផ្អាក។ ប៉ុន្តែរាជរដ្ឋាភិបាននិងទូទាត់សង ថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃ ជូនវិញ នាពេលសមស្របវិញដែរ។
ការអនុវត្តរបស់បងប្អូន ជាការចូលរួមដ៏ធំធេងណាស់ក្នុងការទប់ស្កាត់ការរីករាលដាល ខូវីដ១៩ ក្នុងភូមិ សហគមន៍ និងប្រទេសទាំងមូល។ ជាពិសេស ការពារជីវិតខ្លួនឯង ការពារជីវិតគ្រួសារយើង ព្រោះថាមេរោគនេះយើងមើលមិនឃើញ មើលមិនដឹងនោះទេ។ និយាយបែបនេះ ពុំមែនមានន័យថា ធ្វើឱ្យមានការរើសអើងគ្នានោះឡើយ វាគឺគ្រាន់តែជាវិធានការបណ្ដោះអាសន្ន និងការពារសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋតែប៉ុណ្ណោះ។
ឯកឧត្តម បានលើកឡើងថា នៅបណ្ដាប្រទេសជឿនលឿន ប្រទេសអ្នកមាន មួយថ្ងៃៗមានអ្នកឆ្លង និងអ្នកស្លាប់ក្នុងរង្វង់ពាន់នាក់។ នោះមកពីការមើលស្រាលសភាពការណ៍ ប្រជាពលរដ្ឋប្រទេសនោះមិនសូវជឿ មិនសូវស្ដាប់ការណែនាំរបស់អាជ្ញាធរ។ ប៉ុន្តែប្រទេសយើង ប្រជាពលរដ្ឋស្ដាប់ការណែនាំ និងចូលរួមជាមួយរដ្ឋអំណាច ជាក់ស្តែងពលករខ្មែរមកពីក្រៅប្រទេសជាង៦ម៉ឺននាក់ បានកំពុងដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ នេះជាស្មារតីស្ដាប់បង្គាប់ និងចូលរួម។
ឯកឧត្តម ស សុខា បានបញ្ជាក់ថា ដូច្នេះ ខ្ញុំមានជំនឿថា បងប្អូននឹងបន្តស្មារតីនេះ ជាពិសេសបងប្អូនកម្មករកម្មការិនី និងពុកម៉ែបងប្អូនដែលស្នាក់នៅប្រកបរបររកស៊ីនៅភ្នំពេញ មេត្តាកុំបារម្ភ កុំកង្វល់ចំពោះវិធានការនានារបស់អាជ្ញាធរ ពោលគឺបន្តស្នាក់នៅភ្នំពេញ និងធ្វើការរកស៊ីដូចធម្មតាចុះ។ មិនយូរមិនឆាប់ស្ថានភាពនឹងល្អប្រសើរវិញបើបងប្អូនគោរពអនុវត្តតាម។ លើសពីនេះ សូមបងប្អូនកុំចាញ់កល់ការញុះញង់ពីបុគ្គលណាមួយ ក្រុមណាមួយឱ្យសោះ។ សូមចូលរួម ដើម្បីកុំឱ្យប្រទេសយើងដូចប្រទេសមួយចំនួនមានអ្នកកើតនិងអ្នកស្លាប់ភ្លូកទឹកភ្លូកដី៕