ដុតកម្ទេចពោះវៀនជ្រូក ខូចគុណភាព ជាង៣តោន
ខេត្តកណ្តាល ៖ នៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ មន្ត្រីសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកណ្តាល ដោយទទួលការឯកភាពពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ធ្វើការដុតកម្ទេចពោះវៀនជ្រូក ខូចគុណភាព ចំនួន ៣២.៩២៥គីឡូក្រាម នៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គណៈកម្មការចម្រុះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្តាល ចូលរួមពី ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្ត មន្ទីរពាណិជ្ជកម្ម ក្រឡាបញ្ជី ស្នងការរង ប៉ូលិសសេដ្ឋកិច្ច សាខាគយ និងរដ្ឋាករ អាជ្ញាធរដែនដី អធិការស្រុក ប៉ូលិសប៉ុស្តិ៍រដ្ឋបាល ពេទ្យសត្វ បានធ្វើការដុតកម្ទេចពោះវៀនខូចគុណភាពទាំងនេះ។
សូមបញ្ជាក់ថា នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការចូលរួមដោយអភិបាលរងខេត្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីសាខាគយ និងរដ្ឋាករ មន្ត្រីបសុព្យាបាល អាជ្ញាធរដែនដី និងអធិការស្រុក បានចុះត្រួតពិនិត្យ ផលិតផលពោះវៀនជ្រូក មានទម្ងន់ ជាង៣តោន ដែលផ្ទុកក្នុងកុងតឺន័រចំនួន ២ ស្តុកទុកក្នុងឃ្លាំងគ្មានលេខ ដែលស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ការត្រួតពិនិត្យ ត្រូវបានគាំទ្រដោយរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋានក.ប.ប. ផងដែល។
ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានរកឃើញថា ទំនិញពុំមានឯកសារបញ្ជាក់ និងមានសភាពស្អុយ មានចម្លងមេរោគ ដោយសារការវេចខ្ចប់ និងទុកដាក់ពុំត្រឹមត្រូវតាមគោលការបច្ចេកទេស។ ដោយសង្កេតឃើញថា ផលិតផលទាំងនេះបានខូចគុណភាពពុំអាចយកមកប្រើប្រាស់ជាម្ហូបអាហារសម្រាប់បរិភោគបាន សមត្ថកិច្ចចម្រុះបានសម្រេចឃាត់ទុកទំនិញទាំងនេះ ជាបណ្តោះអាសន្ននៅឃ្លាំងខាងលើ ដើម្បីបំពេញបែបបទយកទៅកំទេចចោលតាមនីតិវិធី។ ចំណែកម្ចាស់ទំនិញត្រូវបាននាំខ្លួន ទៅសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ជនសង្ស័យជាម្ចាស់ឃ្លាំង និងលួចនាំចូលពោះវៀនជ្រូក គ្រឿងក្នុងសត្វ ដែលមានសារធាតុគីមីចំនួន២កុងតឺន័រ ទម្ងន់ប្រមាណ៣តោន ដែលសមត្ថកិច្ចបង្ក្រាបកាលពីម្សិលមិញនេះ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបាននគរបាលខេត្តកណ្តាល បញ្ជូនខ្លួនមកដល់សាលាដំបូងខេត្តហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ។
ជនសង្ស័យឈ្មោះ ហ៊ឹម សុខហឿន អាយុជាង៣០ឆ្នាំ លួចនាំចូលពោះវៀនជ្រូក គោ គ្រឿងក្នុងសត្វ ចំនួន២កុងតឺន័រ ស្មើជាង៣តោន មានក្លិនស្អុយ ដែលខាងជំនាញកាំកុងត្រូលបញ្ជាក់ថា នាំចូលអត់លិខិតស្នាម និងជាប្រភេទស្អុយចម្លងមេរោគ ៕