ប្រព្ធចូលទៅធ្វើការ នៅក្នុងរោងចក្រ ហើយពេលចេញពីធ្វើការ រកមិនឃើញ
ខេត្តស្វាយរៀង ៖ បទចំរៀងមួយបទរបស់លោកកែវ សារ៉ាត់ (ខ្លាចហើយចិត្តស្រី) ពិតជាមានន័យណាស់ ពាក់ព័ន្ធទៅនឹងករណីកម្មការិនីម្នាក់ បានបាត់ខ្លួន ខណៈចូលទៅធ្វើការ នៅក្នុងរោងចក្រ ហើយពេលចេញពីធ្វើការ មិនឃើញចេញមកជួបប្តីត្រឡប់ទៅផ្ទះវិញ ដោយប្តីសង្ស័យថា មានគេល្បួងចាប់ពង្រាត់ ក៏បានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ស្វែងរកប្រពន្ធគាត់ឲ្យបានត្រឡប់មកផ្ទះវិញកូន និងប្តីរង់ចាំទទួល ។
បើតាមសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំពពែត បានឲ្យដឹងថា៖ កាលពីថ្ងៃទី១០ មេសា ២០២០ វេលាម៉ោង៤ និង២៥នាទីរសៀល មានឈ្មោះ កើត សាវី ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភួមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានមកប្តឹង និងរាយការណ៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែតថា កូនរបស់គាត់ឈ្មោះ សុំ សាមាន ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើ បានបាត់ខ្លួន មិនដឹងបាត់ទៅណា បាត់មួយយប់១ថ្ងៃហើយ គឺបាត់ពីកន្លែងទៅធ្វើការ ក្នុងរោងចក្រនៅក្រុងបាវិត ។
ប្រភពដដែលបន្តទៀតថា មុនពេលបាត់ខ្លួន គឺនៅថ្ងៃទី៩ មេសា ២០២០ នៅវេលាម៉ោង៦ និង១៥នាទីព្រឹក ប្តីនាងបានជិះម៉ូតូដឹកគ្នាពីនាក់ប្តីប្រពន្ធទៅធ្វើការរោងចក្រក្រុងបាវិត រហូតដល់ល្ងាចវេលាម៉ោង៤រសៀល ពេលកម្មករកម្មការិនីចេញពីធ្វើការ ប្តីបានតេទូរស័ព្ទទៅរកប្រពន្ធ ដើម្បីមកជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ប៉ុន្តែតេទូរស័ព្ទមិនចូល ហើយប្តីបានដើរទៅរកប្រពន្ធកន្លែងធ្វើការ នៅតែរកមិនឃើញ ក៏ជិះម៉ូតូទៅរកប្រពន្ធក្រែងត្រឡប់ទៅផ្ទះមុន ពេលទៅដល់ផ្ទះ ក៏មិនឃើញរហូតដល់ថ្ងៃទី១០ មេសា ២០២០ វេលាម៉ោង៤រសៀល នៅតែរកមិនឃើញទើបស្ត្រីជាម្តាយ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីជួយអន្តរាគមន៍ស្វែងរក ។
បើតាមបុរសជាប្តីឈ្មោះ ជេត ស៊ីណា អាយុ៣២ឆ្នាំ បានឲ្យដឹងថា ប្តីប្រពន្ធគាត់ ចាប់តាំងពីរៀបការមក មានកូនប្រុសម្នាក់ អាយុ១០ឆ្នាំជាចំណងដៃ មិនដែលឈ្លោះប្រកែកគ្នា ឬល្អក់កករ និងគ្នាទេ ។
នៅថ្ងៃមុនកើតហេតុ ព្រឹកថ្ងៃទី៩ ខែមេសា ប្តីបានឌុបប្រពន្ធឈ្មោះ សុំ សាមាន ទៅធ្វើការរោងចក្រក្រុងបាវិត គឺធ្វើការក្នុងរោងចក្រជាមួយគ្នាក៏ប៉ុន្តែផ្នែកខុសគ្នា ហើយមុនចូលធ្វើការ គឺ២នាក់ប្តីប្រពន្ធ បានចូលបើកប្រាក់ខែទាំង២នាក់ប្តីប្រពន្ធ បានប្រាក់៤២០ដុល្លារ ប្រពន្ធគាត់ក៏ឲ្យប្តី១០ដុល្លារ សម្រាប់ចាយ ហើយក៏ចូលទៅធ្វើការរៀងៗខ្លួន រហូតដល់ម៉ោង៤រសៀល ពេលចេញពីធ្វើការ ស្រាប់តែមិនឃើញចេញមកវិញ ក៏ទូរស័ព្ទរក តែខលមិនចូល គិតថាទំនងជាប្រពន្ធអស់ថ្មទូរស័ព្ទ ទើបខលមិនចូល ក៏ដើររកកន្លែងធ្វើការក៏មិនឃើញ ទើបល្ងាចក៏ជិះម៉ូតូត្រឡប់ទៅផ្ទះ ក្រែងប្រពន្ធបាត់មិនឃើញប្តីត្រឡប់ទៅផ្ទះមុន ពេលទៅដល់ផ្ទះមិនឃើញក៏ព្យាយាមដើររក តែមិនហ៊ានប្តឹងសមត្ថកិច្ចភ្លាមទេ លុះបាត់គ្រប់២៤ម៉ោង ទើបម្តាយក្មេកទៅប្តឹង ។
ប្រភពបន្តទៀតថា ប្រពន្ធគាត់ មានប្រាក់ជាប់ខ្លួនចំនួន៤១០ដុល្លារ ខ្សែកផ្លាកទីន១ខ្សែ ទម្ងន់២ជី កងដៃផ្លាកទី២វង់ ទម្ងន់៣ជី និងចិញ្ចៀនមាស៣ជី ។
ដោយនៅវេលាម៉ោង៦និង២៥នាទីល្ងាច ថ្ងៃទី១០ មេសានេះ ប្រពន្ធរបស់គាត់ បាននិយាយតាមឆាតទូរស័ព្ទ ប្រាប់ថា នាងបានមកដល់ខេត្តសៀមរាប គឺនៅជិតសៀមរាប ហើយពេលនេះ ត្រូវគេឃាត់ក៏បាត់ការទាក់ទង។
ក្រោយមកបានសរសេរ តាមឆាតប្រាប់ទៀតថាគាត់ (សុំសាមាន) ទៅឆ្ងាយហើយ កុំរកគាត់អី ក៏ប៉ុន្តែសង្ស័យថា ការសរសរលើឆាតនេះ មិនមែនជាប្រពន្ធគាត់ជាអ្នកសរសេរ សង្ស័យមានគេសរសេរក្នុងឆាតនេះ ហើយក៏សង្ស័យថា ជាអ្នកបបួលឬចាប់ពង្រាត់ប្រពន្ធរបស់គាត់ទៅ បន្ទាប់មកទៀតគាត់ឆាតបន្ត និងទូរស័ព្ទលែងចូល និងបាត់ការទាក់ទងរហូតដល់ម៉ោង១និង៣០នាទីរសៀលនេះ មិនទាន់បានទទួលដំណឹងនៅឡើយទេ ។
បើសមត្ថកិច្ច ឬមហាជនណា បានឃើញភិនភាគដូចរូបថតនេះ សូមប្តឹងសមត្ថកិច្ច និងផ្តល់ព័ត៌មានផងប្តី និងកូនរង់ចាំមើលផ្លូវ និងចាំទទួល សូមទាក់ទងមកទូរស័ព្ទលេខ០៩៧៤៩៩៨២៤៣ ជេត ស៊ីណា ៕ ដោយ៖វ៉ៃកូ