វីរុសកូរ៉ូណា កើតចេញពីណា ទៅណា និងមានជីវិត ដល់ពេលណា?
ភ្នំពេញ៖ មកទល់ពេលនេះ គិតទៅរយៈពេល៥ខែទៅហើយ កញែក
អំពីវីរុសកូរ៉ូណាចេញមកពីណា និងដល់ពេលណាទើបវាផុតរលត់ពីលោកយើងនេះ? នេះបើតាមលោកពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២០។
បើតាមលោក ពុយ គា ៖ បណ្តាញសារព័ត៌មានបរទេស បានចុះផ្សាយជាបន្តបន្ទាប់ថា វីរុសកូរ៉ូណា ចេញមកពីទីក្រុងវូហាន (Wuhan) ក្នុងខេត្ត ហឺបេ (Hebei) របស់ប្រទេសចិន ហើយមានប្រភពដើមពីសត្វប្រចៀវ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវ នៅឡើយ។ ទន្ទឹមនេះ ក៏មានព័ត៌មានខ្លះសរសេរ ពីការចោទប្រកាន់គ្នាទៅវិញទៅមក រវាងចិននិងអាមេរិកថា “ជាអ្នកបង្កើតឬជាអ្នកទទួលខុសត្រូវ” លើវីរុសនេះរហូតដល់ត្រៀមរៀបចំ ប្តឹងផ្តល់គ្នាទៅទៀត។
ដំណាលគ្នានេះ ក៏មានការសន្និដ្ឋាន និងនិយាយតៗគ្នា ដែលស្តាប់ទៅដូចជាទំនងម្យ៉ាងដែរ ឧទាហរណ៍ ការសន្និដ្ឋានដោយការស្រមើស្រមៃមួយថា ប្រហែលជាស្ត្រីណាម្នាក់អាចពាក់ព័ន្ធនឹងវីរុសនេះដែរ បានជាអ្នករងគ្រោះភាគច្រើន លើសលប់ជាបុរសវ័យចំណាស់ ដែលនៅមានថាមពល ហើយដោយសារវីរុសកូរ៉ូណានេះហើយ ដែលបានចាប់បង្ខំប្រុសៗ ឲ្យនៅផ្ទះជាមួយប្រពន្ធៗ ទាំងថ្ងៃទាំងយប់ រហូតក្លាយជាបុរសគ្រប់ល័ក្ខណ៍ ទោះជាគេធ្លាប់លាក់ស្រីៗខ្លះ នាពេលកន្លងមកក៏ដោយ ។
យោងតាមតួលេខដែលគេដកស្រង់ចេញពីអ្នកឆ្លងជិត៤ម៉ឺននាក់ នៅប្រទេសចិន ចំនួនបុរសមានដល់ទៅជាង៦០ភាគរយឯណោះ។ ដូចគ្នានៅប្រទេសអ៊ីតាលី មានការសិក្សាមួយ ទៅលើអ្នកជំងឺធ្ងន់ធ្ងរចំនួន១ម៉ឺន៥ពាន់នាក់ ក្នុងនោះ៨០ភាគរយជាបុរស។
វីរុសកូរ៉ូណា កាចសាហាវនិងឃោរឃៅហួសពីការស្មាន!
វីរុសកូរ៉ូណា បានធ្វើឲ្យពិភពខ្លាច ខ្លាចរហូតដល់ធ្វើឱ្យមនុស្សលែងជឿមនុស្ស ប្តីខ្លាចប្រពន្ធ ប្រពន្ធខ្លាចប្តី។ មនុស្សរាប់លាននាក់បានបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល និងរាប់ម៉ឺននាក់ទៀត បានបាត់បង់ជីវិតជាបន្តបន្ទាប់ សូម្បីតែគ្រូពេទ្យ ដែលមានជំនាញវេជ្ជសាស្ត្រ ជាអ្នកសង្គ្រោះជីវិតអ្នកជំងឺ ក៏បានស្លាប់បាត់បង់ជីវិតដែរ ។ ជំងឺមួយនេះ បានធ្វើឲ្យពិភពលោក បានស្គាល់នូវស្ថានភាពមួយ ដែលគេធ្លាប់ឮកាលពីបួនទសវត្សរ៍មុន នោះគឺមានផ្លូវអត់មនុស្សដើរ និងរស់ក្នុងសភាពគុកឥតជញ្ជាំង ដែលពលរដ្ឋកម្ពុជា ធ្លាប់ជួបប្រទះនៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ ។
ជាមួយនឹងទុក្ខសោកនិងក្តីលំបាក ដែលពិភពលោកទាំងមូល កំពុងជួបប្រទះ ស្ត្រីមេផ្ទះមួយចំនួន បែរជាចាប់ផ្តើមស្រឡាញ់ប្តីច្រើនជាងមុន និងខ្លាំងជាងមុន ។ ប៉ុន្មានថ្ងៃមកនេះ មានការចែកចាយតៗគ្នា តាមបណ្តាញសង្គមហ្វេសប៊ុក អំពីរូបស្ត្រីម្នា ក់ដោយការសរសេររៀបរាប់ថា គាត់បានរៀបអាពាហ៍ពិពាហ៍ អស់រយៈពេល៤ឆ្នាំហើយ ទើបទទួលបាននូវលាភកូនដំបូង ក្នុងជីវិតនៅពេលនេះ ព្រោះបានប្ដីនៅក្បែរជាមួយរហូត។ ទោះជារឿងពិត ឬជាការប្រឌិត លើការបង្ហោះរូបខាងលើ មានភរិយារបស់មិត្តភក្តិខ្ញុំមួយចំនួន ពិតជាបាននិយាយស្រដៀងគ្នានេះដែរ។ ក្នុងបរិបថនេះ ធ្វើឱ្យគេនាំគ្នាធ្វើការប្រមើលមើលថា បន្ទាប់ពីវីរុសកូរ៉ូណា វាយលុកពិភពលោកនេះមក អត្រាកុមារនឹងអាចមានកំណើនឡើងមួយជាពីរនៅដើមឆ្នាំ២០២១ ខាងមុខនេះ តែក៏មានការបារម្ភថា ចំនួនអ្នកលែងលះគ្នា ក៏ច្រើនណាស់ដែរ ព្រោះដល់ពេលដែលត្រូវធុញគ្នា ទើសគ្នាទៅវិញទៅមក ដែលស្ថានភាពនេះ បានកើតឡើងរួចទៅហើយនៅប្រទេសចិន ។
វីរុសសកូរ៉ូណា ចេញពីចិន តែបែរជាស្លាប់នៅអាមេរិក ច្រើនជាងទៅវិញ!
ពិតជាចម្ងល់ដ៏ធំមួយ ដែលគេឆ្ងល់ថាបើប្រភពដើម ចេញពីប្រទេសចិនមែន ហេតុអ្វីបានជាអ្នកដែលរងគ្រោះខ្លាំងជាងគេនោះ នៅឯទ្វីបម្ខាងទៀត នៃភពផែនដីទៅវិញ ហើយក៏ជាប្រទេសមហាអំណាចធំពិភពលោក ដែលកំពុងឈ្លោះជាមួយចិន? ចិនមានប្រជាជនជាង១ពាន់លាននាក់ តែអ្នកឆ្លងវីរុសកូរ៉ូណា មិនដល់១០ម៉ឺននាក់ផង រីឯអ្នកស្លាប់មានតែជាងបីពាន់នាក់ ខណៈដែលនៅអាមេរិក មានប្រជាពលរដ្ឋតែជាង៣០០លាននាក់ មានអ្នកឆ្លងរហូតដល់ជិត៥០ម៉ឺននាក់ ហើយអ្នកដែលស្លាប់កើនឡើង ដល់ទៅជិត២ម៉ឺននាក់ឯណោះ (គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០) ។
ចិនមានថ្នាំព្យាបាលវីរុសសកូរ៉ូណា?
នៅពេលដែលពិភពលោក កំពុងវិលវល់នឹងការស្រាវជ្រាវ ដ៏អន្ទះអន្ទែងដើម្បីសង្គ្រោះជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋរបស់ខ្លួនរៀងៗខ្លួន ចិនបានសម្ងំព្យាបាលអ្នកជំងឺ ដោយថ្នាំបុរាណរបស់ខ្លួន។ សារព័ត៌មានចិន បានផ្សាយថា អ្នកជំងឺប្រមាណជា៩០ភាគរយ បានព្យាបាលជាដោយសារ តែថ្នាំបុរាណនេះឯង ប៉ុន្តែចិនមិនបានផ្សព្វផ្សាយ ប្រាប់ដល់ពិភពលោកនោះទេ ព្រោះពុំទាន់មានការសិក្សាច្បាស់លាស់ ផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដែលទទួលស្គាល់ជាសាកលនៅឡើយ ។ ថ្នាំនេះ តាមពិតត្រូវបានចិន យកមកប្រើប្រាស់តាំងពីសម័យកាល ជំងឺឆ្លងវីរុសសារ (SARS) នៅឆ្នាំ២០០២-២០០៤ ដែលត្រូវបានគេរកឃើញដំបូងនៅខេត្តគួងដុង (Guandong) ប្រទេសចិន ហើយដែលបណ្តាលឲ្យមនុស្សចំនួនជិត១០ម៉ឺននាក់ បានឆ្លងក្នុងចំណោមប្រទេសចំនួន២៩ និងបណ្តាលឲ្យមនុស្សជិត១ពាន់នាក់បានស្លាប់ ។ យ៉ាងណាក៏ដោយ ក៏ពុំទាន់មានប្រភពច្បាស់ការណាមួយ ឬអង្គការសុខភាពពិភពលោក ទទួលស្គាល់ថាមានថ្នាំព្យាបាលជំងឺកូវីដ-១៩ ជានៅឡើយទេ ។
អាមេរិកដឹងថា មានវីរុសរាតត្បាតដ៏កាចសាហាវនឹងកើតឡើង៖
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ហ្សច ដាប់បាល់យូ ប៊ូស (George W Bush) បានថ្លែងសុន្ទរកថាមួយ នៅឯវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក កាលពីឆ្នាំ២០០៥ ថា សហរដ្ឋអាមេរិក នឹងប្រឈមនូវជំងឺឆ្លងដ៏កាចសាហាវមួយ ហើយបើមិនបានត្រៀមខ្លួនជាមុនទេ អាមេរិកនឹងបាត់បង់ម្ចាស់ការ តែលោកក៏មិនដឹងច្បាស់ថា ពេលណាមួយវានឹងកើតឡើងនោះដែរ។ តាមពិតលោក George W Bush (កូន) និយាយកាលណោះ ដោយគាត់យោងទៅលើសៀវភៅមួយក្បាល (The Great Influenza) ដែលសរសេរពី “ជំងឺឆ្លងផ្តាសាយនៅឆ្នាំ១៩១៨” ដែលបានបណ្តាលឲ្យមនុស្សចន្លោះពី១៧ទៅ៥០លាននាក់ បានបាត់បង់ជីវិត។ វាជាជំងឺមួយដែលគេហៅថា ផ្តាសាយអេស្ប៉ាញ (La Gripe Espanola) ឬ ជាជំងឺសុបិនអាក្រក់ (The Nightmare) ។ នៅពេលនោះ លោក ប៊ូស បានលើកជាយុទ្ធសាស្ត្របីចំណុច៖ ទីមួយ ត្រូវរកឲ្យឃើញឬចាប់ឲ្យបានថាវាចេញមកពីណា ។ ទីពីរ ត្រូវត្រៀមការពារពលរដ្ឋអាមេរិក ដោយការស្តុកវ៉ាក់សាំង និងថ្នាំប្រឆាំងនឹងវីរុស និងផលិតវ៉ាក់សាំងថ្មីៗ ឲ្យបានលឿនជាទីបំផុត និងទីបី ត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបភ្លាមៗ ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន នៅពេលដែលជំងឺឆ្លង ចូលមកដល់ទឹកដីរបស់អាមេរិក ហើយដើម្បីត្រៀមលក្ខណៈ ឲ្យបានល្អនិងជោគជ័យ លោក ប៊ូស បានស្នើថវិកាចំនួន៧ពាន់លានដុល្លារ ដើម្បីត្រៀមប្រយុទ្ធជាមួយនឹងជំងឺឆ្លងដ៏កាចសាហាវនេះ។
ដឹងហើយ ហេតុអ្វីបានជាអាមេរិក បរាជ័យក្នុងការទប់ស្កាត់?
ក្រុមអ្នកឃ្លាំមើលបញ្ហាអន្តរជាតិ របស់សហគមអឺរ៉ុប (Modern Diplomacy) បានសរសេរថា ទង្វើអវិជ្ជមាន (ក្រអឺតក្រទម) ការពន្យារពេល និងការខុសឆ្គងផ្នែកគោលនយោបាយ បានបណ្តាលឱ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលរងគ្រោះខ្លាំងបំផុត នៅលើពិភពលោក។ គេបានលើកឡើងថា នៅពេលដែលចិន កំពុងធ្វើសង្គ្រាមប្រឆាំងនឹងវីរុសកូរ៉ូណា អាមេរិក បែរជាស្តីបន្ទោសចិន វាយប្រហារចិន រិះគន់ចិននិងព្យាយាមធ្វើឱ្យចិនចុះខ្សោយ។ គេថា រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខ្ជះខ្ជាយពេលវេលាដោយអចេតនា។ ទន្ទឹមនឹងនេះ គេក៏បានស្តីបន្ទោសរដ្ឋបាល Trump វិញថា បរាជ័យក្នុងការជួយសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងគ្រាដ៏លំបាកបំផុត នៅពេលដែលប្រទេស អ៊ីតាលី បារាំង អង់គ្លេស និងអេស្បាញ ស្ថិតនៅដំណាក់កាលដំបូងបំផុតនោះ។ គេថាប្រសិនបើតាំងពីដើមមក សហរដ្ឋអាមេរិក បានជួយសម្ព័ន្ធមិត្តរបស់ខ្លួនវា ប្រហែលជាមិនរីករាលដាលខ្លាំងទេ ហើយប្រហែលជាមិនអាច ទៅដល់អាមេរិកទៀតផង។
វីរុសកូរ៉ូណានឹងមានជីវិតដល់ពេលណា?
ពុំមាននរណាម្នាក់ហ៊ានអះអាងថា វីរុសដ៏កំណាចនេះ នឹងរលាយនៅពេលណានោះទេ ក្រៅតែពីការសន្និដ្ឋានខ្លះៗថា វាអាចនឹងសាបរលាបទៅវិញ នៅមុនដំណាច់ឆ្នាំនេះ អាស្រ័យទៅលើសមត្ថភាព នៃការប្រយុទ្ធប្រឆាំងជាសាកល និងវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែបើយើងសិក្សាពីប្រវត្តិ នៃវីរុសផ្តាសាយ ឬជំងឺផ្លូវដង្ហើមនានា ដែលកើតមានកន្លងមក ដូចជា ផ្តាសាយអេស្ប៉ាញ បានអូសបន្លាយពេលអស់បីឆ្នាំ (ពីខែមករា ១៩១៨ ដល់ខែធ្នូ ឆ្នាំ១៩២០) និងជំងឺសារ (SARS) ចាប់ផ្តើមផ្ទុះពីខែវិច្ឆិកា ឆ្នាំ២០០២ ដល់ខែឧសភា ឆ្នាំ២០០៤ ។
វីរុសកូរ៉ូណាគ្មានបាស្ព័រ ហើយក៏គ្មានវីសាដែរ៖
វីរុសកូរ៉ូណាគ្មានបាស្ព័រ គ្មានវីសា មិនលម្អៀង មិនស្គាល់ព្រំដែន អត់ស្គាល់ពូជសាសន៍ សាសនា ឬជនជាតិអ្វីឡើយ តែអ្វីដែលអាចទប់ស្កាត់ និងប្រឆាំងវាបាន គឺការរួមគ្នាដោយគ្មានការប្រមាថ ការរិះគន់ និងការធ្វេសប្រហែស ។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយតបទៅនឹងលោកប្រធានាធិបតី Trump ថា “សូមកុំធ្វើនយោបាយវីរុសកូរ៉ូណានេះឲ្យសោះ ។ រាល់គណបក្សនយោបាយ គួររួមគ្នាជួយសង្គ្រោះប្រជាជន របស់ពួកគេ។ ប្រសិនបើអ្នកចង់កេងប្រវ័ញ្ច និងធ្វើនយោបាយ លើមេរោគនេះ សូមអ្នកត្រៀមថង់ ដើម្បីវេចសាកសពឲ្យហើយទៅ” ៕