ពលរដ្ឋមួយចំនួនតូច មិនស្តាប់បម្រាម បានបន្លំជិះម៉ូតូតាមផ្លូវរថភ្លើង ឆ្លងពីស្រុកព្រៃនប់ ឆ្ពោះទៅស្រុកកំណើត នៅឯខេត្តកំពត ពេលយប់
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចដែលប្រចាំការត្រួតពិនិត្យ ហាមឃាត់មិនឲ្យពលរដ្ឋធ្វើដំណើរបម្លាស់ទី ឆ្លងខេត្តព្រះសីហនុ បានឲ្យដឹងថា មានពលរដ្ឋមួយចំនួនតូចបាន បន្លំជិះម៉ូតូតាមផ្លូវរថភ្លើង ឆ្លង ពីស្រុកព្រៃនប់ ឆ្ពោះទៅស្រុកកំណើត នៅឯខេត្តកំពត ពេលយប់ កាលពីយប់ថ្ងៃ១១ ខែមេសា ឆ្នាំ២០២០ ក្រោយពីមិនអាចធ្វើដំណើរត្រង់ បានតាមផ្លូវជាតិ។
ប៉ុន្តែត្រូវបានមន្ត្រីតាមទៅឃាត់ ឲ្យត្រឡប់ក្រោយវិញ ជាមួយនឹងការពន្យល់ក៏ដូចជា ការស្នើសុំឲ្យយោគយល់ចំពោះការបិទផ្អាកនេះ ដើម្បីការពារខ្លាចមានការចម្លងមេរោគកូវីដ១៩ និងថា បើទោះជាបន្លំចេញបាន ដោយប្រការណាមួយ ពេលទៅដល់ផ្ទះ មន្ត្រីមូលដ្ឋានផ្ទាល់ ក៏នឹងអនុវត្តវិធានការឃាត់ទុក ដាក់ដោយឡែក១៤ថ្ងៃដែរ មិនបានអនុញ្ញាតឲ្យដើរហើរក្នុងភូមិបានឡើយ ហើយពេលត្រឡប់មកកន្លែងស្នាក់នៅធ្វើការវិញ វិធានការឃាត់ទុកដាក់ដោយឡែក១៤ថ្ងៃក៏ត្រូវធ្វើដូចគ្នាដែរ។
បើតាមការផ្សព្វផ្សាយព័ត៌មានក្នុងផេកហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២០នេះ បានឲ្យដឹងថា
“សុំចិត្តបងប្អូន តើធ្វើបែបនេះបានអ្វីមកវិញ ? យើងកំពុងការពារ សុវត្ថិភាព និងអាយុជីវិតរបស់អ្នកគ្រប់គ្នា តែបែរជាអ្នកគ្រប់គ្នា មិនស្រឡាញ់ជីវិតខ្លួនឯង ។ លួចឆ្លងតាមផ្លូវរថភ្លើង ពីស្រុកព្រៃនប់ ទៅខេត្តកំពត ទាំងយប់ លំបាកដល់ទាំងមន្ដ្រី និងកងកម្លាំង មិនបានស្រួលខ្លួនសោះតែម្ដង ។ ឈប់បាន ឈប់ទៅ អត់ចំណេញទេបងប្អូន នៅតែអំពាវនាវ សូមចូលរួមទាំងអស់គ្នា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ “។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ដល់ពលរដ្ឋនៅខេត្តព្រះសីហនុ បងប្អូនកម្មករ កម្មការីនី មន្ត្រីរាជការ និងបុគ្គលិកវិស័យឯកជននានា ដែលនៅបន្តធ្វើការធម្មតា មិនធ្វើដំណើរចាកចេញបម្លាស់ទី ក្នុងរដូវបុណ្យចូលឆ្នាំថ្មីនេះ ដោយចាត់ទុកថាជាការចូលរួមទាំងអស់គ្នា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការពារខ្លួនឯងផង ការពារក្រុមគ្រួសារផង និងការពារមិត្តភក្តិបងប្អូនក្នុងសហគមន៍ផង៕