ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់​ប្តី ប្រពន្ធ​របួសធ្ងន់ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង​

43

 

​កណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅក្នុង​បន្ទប់ និង​ស្ត្រី​ជា​ប្រពន្ធ​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា​តែ​រងរបួស​ធ្ងន់ នៅក្នុង​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២១ និង ៣០​នាទី ស្ថិតនៅ​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​ជនរងគ្រោះ​មានឈ្មោះ ស្រ៊ុន បូ​រិ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មាន​មុខរបរ​កម្មក​រ​រោងចក្រ​(​កត់​ឡូ​) (​ស្លាប់​) និង​ប្រពន្ធ​ឈ្មោះ អឿន សុខ​ហៀ​ង អាយុ​២៤ ជនជាតិខ្មែរ មាន​មុខរបរ​កម្មការិនី មាន​ទីលំនៅ ភូមិ​ទួលសាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល (​រងរបួស​ធ្ងន់​) ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​នេះ កម្លាំង​ប៉ុស្តិ៍នគរបាល​ក្រាំង​យ៉ូ​វ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​គយ បាន​ចុះ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ ជួយ​ធ្វើការ​ត​ប្រព័ន្ធ​ទឹក​បាញ់​ទប់ស្កាត់​កុំ​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង និង​រាយការណ៍​ជូន លោកស្នងការ​ទទួល​ផែន ពន្លត់អគ្គីភ័យ ខេត្តកណ្ដាល​យក​ឡានទឹក​មកជួយ​អន្តរាគមន៍​បន្ថែម ។​

​សមត្ថកិច្ច​បន្តថា នៅ​ខណៈពេលដែល​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង​មកដល់ បានធ្វើការ​គាស់​ទ្វារ​ទម្លុះ​ចូល​ជួយសង្គ្រោះ​កម្មករ​យាមឃ្លាំង​ដែល​ស្នាក់​នៅក្នុង​រោង​សិប្បកម្ម​នោះបាន​ម្នាក់​ជា​ប្រពន្ធ ដែល​កំពុង​ដួលសន្លប់​នៅក្នុង​បន្ទប់​ក្នុង​រោង​សិប្បកម្ម​នោះ ចំណែក​ឈ្មោះ ស្រ៊ុន បូ​រិ​ន ដួល​ស្លាប់​នៅ​បន្ទប់ទឹក​បាត់ទៅហើយ​។​

​ការខូចខាត​ក្នុង​ហេតុការណ៍​នេះ​មានផ្ទះ​១​ខ្នង​សង់​ពី​ឈើ​ប្រក់​ក្បឿង ទំហំ​ផ្ទះ​បណ្ដោយ​៩​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ដោយ​ត​យ៉ាក​ចំហៀង​ខាងជើង​និង​ខាងមុខផ្ទះ សរុប​ទំហំ​បណ្ដោយ​៣០​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ ធ្វើជា​រោង​សិប្បកម្ម ជួល​ឲ្យ​សិប្បកម្ម​តម្បាញ​ដេរ​ខោអាវ​រោងចក្រ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ គ្រុឌ តៃ ភេទ​ប្រុស​អាយុ​៧០ ឆ្នាំ​ជនជាតិខ្មែរ ទីលំនៅ​ក្នុង​ភូមិ ឃុំកើតហេតុ​ខាងលើ ។​

​បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង រីឯ​សាកសព​បុរស​ជា​ប្តី​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​បាន​ប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង