ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ បាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូAC នៅលើកំណាត់ផ្លូវម្លូព្រៃ ប្រវែង២៥០០ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

265

ព្រះវិហារ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានយកចិត្តទុកដាក់ខ្លាំងណាស់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តពិសេសលើការស្ថាបនា ការជួសជុលផ្លូវ ការដាក់បណ្ដាញលូនិងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលធ្វើអោយខេត្តព្រះវិហារដែលជាខេត្តមួយដាច់ស្រយាល មកជាខេត្តមួយនៅជិតបង្កើយ ដោយសារតែផ្លូវរលោងស្អាត ងាយស្រួលក្នុងការធ្វើដំណើរ។

   ជាក់ស្តែងនៅក្នុងពេលនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូAC នៅលើកំណាត់ផ្លូវម្លូព្រៃ មានប្រវែង ២៥០០ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ហើយក៏ដើម្បីលើកសោភណ្ឌភាពទីរួមខេត្តអោយមានសោភណ្ឌភាពស្រស់បំព្រងផងដែរ។

   ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ខែឧសភានេះថា ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសម្រាប់ថ្ងៃនេះគឺបាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូ AC ក្នុងក្រុងព្រះវិហារ (គម្រោងគុណប្រយោជន៍ខេត្ត) ថ្ងៃនេះបន្តអ៊ុតកៅស៊ូនៅលើផ្លូវម្លូព្រៃ បានប្រវែង ៩៣ម៉ែត្របន្ថែមទៀតហើយ។ រីឯលទ្ធសរុបរួម ពេលនេះរួមមាន ផ្លូវម្លូព្រៃខាងស្តាំដៃ ប្រវែង២៤៨៦ ម៉ែត្រនិងខាងធ្វេងដៃប្រវែង៤១២ម៉ែត្រ។

  គួររំលឹកថា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តព្រះវិហារ» កាលពីពេលថ្មីៗនេះ លោក សំ លាងទ្រី បានអោយដឹងផងដែរថា បច្ចុប្បន្ន មន្ទីរសាធារណការខេត្តព្រះវិហារ គ្រប់គ្រងផ្លូវថ្នល់ ក្នុងខេត្ដទាំងអស់ប្រវែង៨០០គីឡូម៉ែត្រ ក្នុងនោះមានប្រមាណ៤០០គីឡូម៉ែត្រ ជាផ្លូវកៅស៊ូ (ផ្លូវជាតិ និងផ្លូវខេត្ត)ការអភិវឌ្ឍន៍ផ្លូវពីចាក់កៅស៊ូ DBST ទៅជាផ្លូវប្រភេទ AC ខណៈផ្លូវមួយចំនួនក្នុងទីរួមខេត្ត អភិវឌ្ឍន៍ពីផ្លូវកៅស៊ូទៅជាផ្លូវចាក់បេតុងសរសៃដែក និងមានលូអមសង្ខាងផ្លូវជាដើម។ អ្វីដែលជាទិសដៅបន្ដសម្រាប់ពេលខាងមុខ លោកសំ លាងទ្រី បានគូសបញ្ជាក់ថា ខេត្តនឹងអភិវឌ្ឍន៍ផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ហើយផ្លូវក្រាលកៅស៊ូដែលហួសអាយុកាល គឺត្រូវពង្រឹងទៅជាផ្លូវបេតុងសរសៃដែក ឬផ្លូវចាក់កៅស៊ូ AC ដោយឡែក ផ្លូវដែលនៅសេសសល់ទាំងប៉ុន្មាន ខេត្តនឹងធ្វើការថែទាំ ជួសជុលមិនឲ្យមានក្រឡុកសំបុកមាន់នោះទេ ដោយសារមន្ទីរមានក្រុមការងារចំនួន៦ក្រុម បាននិងកំពុងធ្វើសកម្មភាពនៅតាមដងផ្លូវ ដើម្បីពិនិត្យ និងជួសជុលជាប្រចាំ៕

 

អត្ថបទដែលជាប់ទាក់ទង