ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីក្រុង​ប៉េកាំង​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ២២​នាក់​បន្ថែម តួលេខ​សរុប​កើន​ដល់​ជាង ២០០​ករណី​

77

 

​ប្រទេស​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ២៧​នាក់​បន្ថែមទៀត គិត​ត្រឹម​ថ្ងៃ​សុក្រ ដោយ​ក្នុងចំណោម​នោះ​មាន​អ្នក​ឆ្លង​ថ្មី ២២​នាក់​នៅក្នុង​ទីក្រុង​ប៉េកាំង​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​សុខាភិបាល​ចិន​នៅ​ថ្ងៃ​សៅ​រិ​នេះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អាជ្ញាធរ​ចិន​បាន​រកឃើញ​មាន​អ្នក​ឆ្លង​រហូតដល់ ៣២​នាក់ ក្នុងនោះ​មាន​អ្នក​ឆ្លង ២៥​នាក់​នៅក្នុង​ទីក្រុង​ប៉េកាំង​។​

​អាជ្ញាធរ​ចិន​កំពុងតែ​ចាប់ផ្តើម​រឹតបន្តឹង​ការដើរ​ហើរ​របស់​ប្រជា​ជាន​នៅក្នុង​ទីក្រុង​ប៉េកាំង និង​ចាត់វិធានការ​ផ្សេងៗ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ផ្ទុះ​ជា​លើក​ទី ២​។​

​ការផ្ទុះ​វីរុស​ត្រូវបាន​គេ​ជឿជាក់ថា កើតចេញពី​ផ្សា​រលក់​ម្ហូប​ដ៏​ធំ​ឈ្មោះ Xinfandi ដែល​ផ្សារ​នេះ​ផ្គត់​ផ្គង​សាច់ និង​បន្លែ​ចំនួន ៨០​ភាគរយ​ទៅដល់​ទី​ប៉េកាំង​។​

​តំបន់​យ៉ាងតិច​ចំនួន ២៧​ត្រូវបាន​គេ​ចាត់​ចូល​ជា​តំបន់​មាន​ហានិភ័យ​មធ្យម និង​តំបន់ ១​ដែល​ស្ថិត​នៅក្បែរ​ផ្សារ​នោះ ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​ខ្លាំង​។​

​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ប្រឈម​មធ្យម និង​ខ្ពស់ មិនអាច​ចាកចេញ​ពី​ទីក្រុង​បានទេ ចំណែក​ប្រជាជន​នៅ​តំបន់​ប្រឈម​ទាប អាច​ចាកចេញ​បាន ប៉ុន្តែ​ត្រូវតែ​មានការ​ធ្វើតេស្ត​ចេញ​អវិជ្ជមាន​សិន​។​

​ជើងហោះហើរ​ជាច្រើន ត្រូវបាន​លុបចោល ចំណែក​សេវាកម្ម​រថភ្លើង ក៏​ត្រូវបាន​កាត់បន្ថយ​រហូត​យ៉ាងតិច ដល់​ថ្ងៃទី ៩ ខែកក្កដា​។​

​សាលាបឋមសិក្សា មធ្យមសិក្សា និង​មហាវិទ្យាល័យ​ត្រូវបាន​ផ្អាក ចំណែក​ក្រុមកីឡា​មិនអាច​លេង​បាន ខណៈដែល​អាង​ហែល​ទឹក និង​កន្លែង​ហាត់ប្រាណ​ត្រូវបាន​បិទ​។​

​ប៉ុន្តែ ផ្លូវ​នៅតែ​បន្ត​បើក ហើយ​ក្រុមហ៊ុន និង​រោងចក្រ នៅតែ​បន្តដំណើរ​ដដែល​។​

​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​មាន​ចំនួន ៨៣.៣៥២​នាក់ និង​ស្លាប់ ៤.៦៣៤​នាក់​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅកាន់​ទូទាំង​ពិភពលោក​។ បច្ចុប្បន្ន តួលេខ​ចុងក្រោយ មាន​អ្នក​ឆ្លង​វីរុស​មាន​ចំនួន​ជាង ៨,៦៣​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង ៤៥៩.០០០​នាក់​ទូទាំង​ពិភពលោក​។ អ្នកជា​សះស្បើយ​មាន​ជាង ៤,២៣​លាន​នាក់​៕

អត្ថបទដែលជាប់ទាក់ទង