ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាមចំនួនពីរគ្រឿងដែលជាកាដូរបស់ទីក្រុងណាននីង,ត្រូវបានអាជ្ញាធររាជធានីយកមកបូមសម្អាតធូលី ស្លឹកឈើ និងសំរាមនៅតាមសួនច្បារ

68

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន២ គ្រឿង ដើម្បីបោសនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។ ម៉ាស៊ីនទាំងពីរ គ្រឿងនេះ ជាអំណោយរបស់ទីក្រុងណាននីងនៃសាធារណរដ្ឋប្រជាមានិតចិនដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ។

 គួរបញ្ជាក់ថា៖ចំពោះការងារសម្អាតធូលី ស្លឹកឈើ សំរាមនិងអនាម័យនៅតាមផ្លូវសាធារណៈ តាមសួនច្បារនានា តាមទីផ្សារនានាត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ជាចម្បងដើម្បីថែរក្សាអនាម័យនិងសុខមាលភាពជូនប្រជាពលរដ្ឋក្នុងទីក្រុងផងនិងដើម្បីសោភ័ណ្ឌភាពទីក្រុងភ្នំពេញផងដោយលោកបានចាត់ចែងដល់អង្គភាពជំនាញធ្វើកិច្ចការងារនេះដោយផ្ទាល់។

   ពាក់ព័ន្ធការងារនេះលោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភំ្នពេញ មានប្រសាសន៍ឲ្យដឹងថា៖ ម៉ាស៊ីនបូមធូលី ស្លឹកឈើ និងសំរាមនេះជាអំណោយរបស់ទីក្រុងណាននីងប្រទេសចិនដែលបានបញ្ជូនមកឲ្យរាជធានីភ្នំពេញស្របពេលដែលទីក្រុងណាននីងផ្តល់បរិក្ខារពេទ្យមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កាលពីប៉ុន្មានខែកន្លងមកនេះ។    

      លោកក៏បានបញ្ជាក់ទៀតថា៖ ម៉ាស៊ីនបូមទាំងពីរខាងលើនេះ គឺសមត្ថភាពប្រើប្រាស់សម្រាប់បោសសម្អាតនៅក្នុងបរិវេណដែលផ្ទៃដីទំហំ ១៦០០០ ម៉ែត្រការ៉េក្នុង១ម៉ោង និងអាចបូមសម្អាតបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោង។ 

      ម៉ាស៊ីនបូមទាំងពីរនេះកាលពីល្ងាចថ្ងៃទី២៩មិថុនាឆ្នាំ២០២០ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញយកមកធ្វើសកម្មភាពបូមសម្អាតនៅលើសួនច្បារមាត់ទន្លេ ចាប់ពីមុខផ្សារចាស់រហូតដល់មុខវត្តឧណ្ណាឡោម ហើយជាក់ស្តែងម៉ាស៊ីននេះពិតជាមានគុណភាពដែលអាចបូមសម្អាតធូលី ស្លឹកឈើ និងសំរាម បានស្អាត និងមិនធ្វើឱ្យធូលីហុយនោះទេ ព្រោះមានទឹកសម្រាប់បាញ់ស្រោបនៅពេលកំពុងប្រតិបត្តិការបូមធូលី។ 

    លោក នួន សំណាវុធ ក៏បានបញ្ជាក់ផងដែរថា៖ ម៉ាស៊ីនបូមមទាំងពីរនេះ ជាម៉ាស៊ីនប្រើប្រាស់អាគុយ ដែលមិនបង្កផលប៉ះពាល់បរិស្ថានហើយបើខណ្ឌមួយចំនួនត្រូវការអាចយកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនបាន៕

អត្ថបទដែលជាប់ទាក់ទង