ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការក្រុងភ្នំពេញចេញដីកាកោះចៅសង្កាត់ត្រពាំងក្រសាំង ចៅសង្កាត់រង និងអនុប្រធានភូមិ ២នាក់ ឲ្យចូលបំភ្លឺសំណុំរឿងព្រហ្មទណ្ឌ

82

ភ្នំពេញ៖ លោកសាយណូរ៉ាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទ លោកចៅសង្កាត់ និងលោកចៅសង្កាត់រងត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមនុស្ស២នាក់ទៀត ក្នុងនោះម្នាក់មានតួនាទីជាអនុប្រធានភូមិក្រាំង ប្រើប្រាស់អំពើហិង្សា លួចលក់អចលនវត្ថុអ្នកដទៃ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងក្លែងបន្លំឯកសារសាធារណៈដែលសង្ស័យថាផ្ដើមចេញពីរឿងទំនាស់ដីធ្លី។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី 25 មិថុនាឆ្នាំ 2020បាន ចេញដីកាកោះហៅមនុស្សទាំង 4 នាក់ក្នុងករណីខាងលើឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញី ដើម្បីបំភ្លឺពីដំណើររឿងបណ្ដឹងរបស់លោកមេធាវ ផែង ស៊ីដេត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ពីបទក្លែងបន្លំឯកសារសាធារណៈ។

១) ឈ្មោះ ហ៊ត រដ្ឋា ភេទប្រុស ជាចៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ជាសាក្សី) ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរសៀល។

២) ឈ្មោះ ស៊ឹម ភូន ភេទប្រុស អាយុ៥៨ឆ្នាំ ជាចៅសង្កាត់រងសង្កាត់ត្រពាំងក្រសាំង មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ជាជនសង្ស័យ) ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរសៀល។

៣) ឈ្មោះ ញ៉េង ចយ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាជនសង្ស័យ) ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក។ អ្នកទាំ៣ ត្រូវចូលខ្លួនទៅដើម្បីបំភ្លឺពីដំណើររឿងបណ្ដឹងរបស់លោកមេធាវី ផែង ស៊ីដេត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដែលបានចោទពីបទប្រើប្រាស់ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត, ធ្វើឲ្យខូចខាតដោយចេតនា, លួចលក់អចលនវត្ថុអ្នកដទៃ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង។

៤) ឈ្មោះ សួន សុខេន ភេទប្រុស ជាអនុប្រធានភូមិក្រាំងមានទីលំនៅភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាជនសង្ស័យ) ឲ្យចូលខ្លួនទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីរសៀលដើម្បីបំភ្លឺពីដំណើររឿងបណ្ដឹងរបស់លោកមេធាវ ផែង ស៊ីដេត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ពីបទក្លែងបន្លំឯកសារសាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង