ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលស្រុក​គាស់ក្រឡ ត្រូវ​សម្តេច​តេ​ជោ ហ៊ុន សែន ដកតំណែង​, មន្ត្រី​ខិលខូច​យក​ដី​រដ្ឋ និង​ដី​ប្រជាពលរដ្ឋ នឹងត្រូវ​ទទួលទោស​ដ៏​ធ្ងន់ធ្ងរ​

91

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ព្រមាន​ធ្ងន់ៗ​ជាថ្មី​ថា មន្ត្រីរាជការ​ដែល​ខិ​ច​ល​ខូច​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ ឬ​ដី​របស់​ប្រជាពលរដ្ឋ និង​រិះរក​ល្បិច​ធ្វើបាប​ប្រជាពលរដ្ឋ នឹងត្រូវ​ទទួលទោស​ធ្ងន់ធ្ងរ​បំផុត ហើយនឹង​ឈានទៅ​បណ្តេញ​ចេញពី​គណបក្ស​តែម្តង​។​

​ការព្រមាន​ធ្ងន់ៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​។ ក្នុង​កិច្ចប្រជុំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ពី​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង រវាង​ឧកញ៉ា សង ថន និង​ប្រជាពលរដ្ឋ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ជម្លោះដីធ្លី​នេះ គឺមាន​ការឃុបឃិតរ​វាង​មន្ត្រី និង​លោក​ឧកញ៉ា សង ថន ដោយ​ឃុបឃិត​យក​ដី​របស់​រដ្ឋ ហើយ​បែរជា​បន្លំ​ធ្វើឯកសារ​ថា​ដី​នោះ​ជា​ដី​ស្របច្បាប់​របស់​ឧកញ៉ា ហើយ​កាត់​ឆ្កៀល​ជូន​ប្រជាពលរដ្ឋ​ទៅវិញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ សម្តេច​បាន​បញ្ជា​ទៅ​ក្រសួងយុត្តិធម៌ ក្រុម​មេធាវី​របស់​សម្តេច ព្រមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ ដើម្បី​ស៊ើបអង្កេត​លើ​រឿងនេះ​។ ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​មិញ​នេះ សម្តេច​តេ​ជោ បាន​បញ្ជា​ទៅ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​លើ​វិវាទ​នេះ​ដាក់ជូន​គណៈរដ្ឋមន្ត្រី​ថែម​ទៀតផង​។​

​ទន្ទឹមនឹង​ការលើក​ពី​វិវាទ​ដីធ្លី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លៀត​បញ្ជាក់ថា បញ្ហាដីធ្លី​នេះ​ដល់ពេល​ត្រូវ​ជម្រះ និង​ត្រូវ​វះកាត់​មន្ត្រី​ដែល​ខិលខូច​ហើយ​។ សម្តេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ចំពោះ​មន្ត្រី​ខិលខូច​ដែល​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ និង​យក​ដី​ប្រជាពលរដ្ឋ​ហើយ​រិះរក​កលល្បិច​និង​វិធី​ផ្សេងៗ​ធ្វើបាប​ប្រជាពលរដ្ឋ​វិញ ដើម្បី​ខ្លួន​បាន​កាន់កាប់​ដីធ្លី​ស្របច្បាប់ គឺ​នឹង​ទទួលទោស​ដ៏​ធ្ងន់ធ្ងរ​បំផុត ហើយនឹង​ឈានទៅ​បណ្តេញ​ចេញពី​គណបក្ស​តែម្តង​។ ចំពោះ​ប្លង់រឹង​ដែល​បានធ្វើ​ដោយ​អំពេ​ី​ឃុបឃិត​ទុច្ចរិត គឺ​នឹង​រំលាយចោល​វិញ​»​។​

​សូមបញ្ជាក់ថា វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ​រវាង​ឧកញ៉ា សង ថន និង​ប្រជាពលរដ្ឋ បាន​ក្លាយទៅជា​ព្រឹត្តិការណ៍​កក្រើក និង​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ខ្មែរ​។ វិវាទ​ដីធ្លី​នេះ នាំឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​បញ្ចប់​តំណែង​អភិបាលស្រុក​គាស់ក្រឡ​លោក ម៉ៅ សុ​ចាន់​។​

​ជាមួយគ្នានេះ លោក​ឧកញ៉ា សង ថន និង​អភិបាលរង​ខេត្តបាត់ដំបង​ម្នាក់ គឺ​លោក រ៉ា​ហ្វា​ត់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​មក​សួរនាំ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង