ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈរដ្ឋមន្ត្រី អនុម័ត និង​កែតម្រូវ ពាក្យពេចន៍​មួយចំនួន​លើ “​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង់​ល្បែង​ពាណិជ្ជកម្ម​”

68

​ភ្នំពេញ​៖ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែងថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត និង​កែតម្រូវ​ពាក្យពេចន៍​មួយចំនួន​លើ “​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង់​ល្បែង​ពាណិជ្ជកម្ម​”​។​

កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ពិភាក្សា​លើ “​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង់​ល្បែង​ពាណិជ្ជកម្ម​” បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព​។​

​លោក​ផៃ ស៊ី​ផាន បានលើកឡើង​ពី​ខ្លឹមសារ​សង្ខេបនៃ “​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង់​ល្បែង​ពាណិជ្ជកម្ម​” ដូចខាងក្រោម​៖
អនុលោម​តាមច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង នៅ​ឆ្នាំ​១៩៩៨ រាជរដ្ឋាភិបាល​បានកំណត់​ឱ្យមាន​អាជីវកម្ម​កាស៊ីណូ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រៅ​រង្វង់ ២០០​គីឡូ​មែត្រ​ពី​រាជធានី​ភ្នំពេញ ដោយ​យក​ផ្ចិត​នៅ​វត្តភ្នំ លើកលែងតែ​តំបន់​ព្រំដែន តំបន់ភ្នំ​បូកគោ និង​រមណីយដ្ឋាន​គិរី​រម្យ ហើយ​មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លែង​ល្បែង​ឡើយ​។ គោលបំណង​របស់​រាជ​រដ្ឋាភិបាល ដែល​អនុញ្ញាត​ឱ្យមាន​អាជីវកម្ម​កាស៊ីណូ​នៅក្រៅ​រង្វង់ ២០០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ មាន​ជាអាទិ៍​៖ អភិវឌ្ឍន៍​តំបន់​ព្រំដែន​ដែលជា​តំបន់​អតីត​សមរភូមិ តំបន់​ពោរពេញ​ទៅដោយ​គ្រាប់មីន តំបន់​គ្រុនចាញ់ តំបន់​គ្មាន​ការអភិវឌ្ឍ និង​គ្មាន​ប្រជាជន​រស់នៅ​, ការពារ​ខ្សែក្រវ៉ាត់​ព្រំដែន តាមរយៈ​ការសាងសង់​អគារ​ដ៏​រឹងមាំ មាន​លក្ខណៈ​យូរអង្វែង និង​ការកើនឡើង​នៃ​ការតាំង​ទីលំនៅ​ថ្មី​របស់​ប្រជាជន​, គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង បង្កើត​ប្រភព​ចំណូល​ថវិកាជាតិ​។​

​លោក​បន្តថា នៅក្នុង​ការអនុវត្ត​ជាក់ស្ដែង នា​រយៈពេល​កន្លងមក រាជរដ្ឋាភិបាល បាន​ប្រឈម​នឹង​លំបាក​ជាច្រើន ក្នុងការ​ទាក់ទាញ​វិនិយោគទុន​ឯកជន ឱ្យមក​បណ្ដាក់ទុន​លើ​វិស័យនេះ នៅ​តំបន់​ព្រំដែន​ដែលជា​តំបន់​ដាច់ស្រយាល គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និង​ការតាំង​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ជាដើម​។ ទោះជា​យ៉ាងនេះ​ក្ដី ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​ភាព​ទុកចិត្ត​របស់​វិនិយោគិន​ចំពោះ​រាជរដ្ឋាភិបាល វិនិយោគិន​ជាតិ និង​អន្តរជាតិ​មួយចំនួន បានចាប់ផ្ដើម​ដំណើរការ​វិនិយោគ​កាស៊ីណូ​នៅ​តំបន់​ប៉ោយប៉ែត​នា​អំឡុង​ឆ្នាំ​១៩៩៩​។ នៅ​ចំពោះមុខ​ស្ថានភាព​នៃ​ការកើនឡើង​នូវ​សកម្មភាព​ក្នុង​វិស័យនេះ រាជរដ្ឋាភិបាល ក៏បាន​ជំរុញ​ឱ្យ​ការគ្រប់គ្រង​វិស័យ​ល្បែង​នេះ​ឡើង ដោយ​ផ្អែកលើ​លិខិតបទដ្ឋាន​គតិយុត្ត​មួយចំនួន​ដូចជា​៖ ច្បាប់​បង្ក្រាប​ល្បែងស៊ីសង សេចក្ដីសម្រេច និង​សារា​ចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ប្រកាស​អន្តរក្រសួង និង​សៀវភៅ​បន្ទុក​ជាដើម​។​

​ជា​ទិដ្ឋភាព​គតិយុត្ត មាត្រា​១ នៃ​ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង ដែល​ត្រូវ​បានអនុម័ត និង​ដាក់ឱ្យ​ប្រើប្រាស់ នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​១៩៩៦ បាន​បើកផ្លូវ​ជូន​រាជរដ្ឋាភិបាល ក្នុងការ​ផ្ដល់​ការអនុញ្ញាត​ឱ្យមាន​ល្បែង​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​រក្សា​ស្ថិរភាព​នយោបាយ លើកកម្ពស់​សន្តិសុខ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ ដែល​អំណោយផល​ដល់​ការកើនឡើង​ជា​លំដាប់ នូវ​ទំនុកចិត្ត​របស់​វិនិយោគិន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើន​ឆ្នាំ​កន្លងមកនេះ វិនិយោគិន​ជាតិ និង​អន្តរជាតិ​មួយចំនួន ក៏បាន​ដំណើរការ​វិនិយោគ​លើ​វិស័យ​កាស៊ីណូ​នៅ​តំបន់​ដែល​បានទទួល​ការអនុញ្ញាត​។​

​តថភាព​នៅក្នុង​ពិភពលោក​បានបង្ហាញ​ថា ល្បែង​ពាណិជ្ជកម្ម ត្រូវបាន​ដំណើរការ​នៅក្នុង​តំបន់ និង​ក្នុងប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ទាំង​ក្នុង​ទម្រង់​ផ្លូវការ ឬ​មិន​ផ្លូវការ​។ អាស្រ័យហេតុនេះ រដ្ឋាភិបាល​នៃ​ប្រទេស កាន់តែ​ច្រើនឡើង​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ពាណិជ្ជកម្ម​ល្បែង ដោយ​បង្កើត​ក្របខ័ណ្ឌ​គតិយុត្ត ដើម្បី​ដាក់​វិស័យនេះ ឱ្យ​ស្ថិតនៅក្រោម​ដំបូល​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។ ទន្ទឹមនេះ ប្រទេស​ជាច្រើន បានចាត់ទុក និង​ប្រែក្លាយ​ល្បែង​ពាណិជ្ជកម្ម​ជា​ឧបករណ៍​កំសាន្ត និង​ទាក់ទាញ​ទេសចរណ៍ ពីព្រោះ​ដូចជា​ផលិតផល​នៃ​វិស័យ​ផលិតកម្ម​ដទៃទៀត​ដែរ វិស័យ​ទេសចរណ៍​កាន់តែ​រង​សម្ពាធ​នៃ​ការប្រកួតប្រជែង​ដ៏​ខ្លាំង ដែល​ទាមទារ​ឱ្យមាន​ការច្នៃប្រឌិត​បន្ថែ​ម​ពីលើ​សក្ដានុពល​នៃ​ធម្មជាតិ​។ ទន្ទឹមនេះ ទីតាំង​ល្បែង​ពាណិជ្ជកម្ម ដែល​រួមបញ្ចូល​ទាំង​ទីតាំង​បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន ផ្សារ​ទំនើប សណ្ឋាគារ មណ្ឌលកីឡា មណ្ឌល​កំសាន្ត និង​ទស្សនា ម​ណ្ដ​ល​សន្និបាត ឬ​ពិព័រណ៍ ហាង​លក់ទំនិញ​រួច​ពន្ធ​…​ល​។ បាន​បង្កើតជា មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ (Integrated Resort) ដែល​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​នៅលើ​ពិភពលោក​ថា​ជា​ប្រភព​ចំណូល​ថវិកា​ដ៏​សំខាន់ និង​ជាទី​តាំង​ការងារ​ជាច្រើន​ប្រភេទ​នៃ​ឧស្សាហកម្ម​គ្មាន​ផ្សែង ហើយ​រួមចំណែក​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។

​អាស្រ័យហេតុនេះ បញ្ញត្តិ​កម្ម​លើ​វិស័យ​ល្បែង​ពាណិជ្ជកម្ម ត្រូវបាន​រៀបចំឡើង​ដើម្បី​ជំ​រុញឱ្យ​វិស័យនេះ​អាច​ដំណើរការបាន ដោយ​ជ្រក​ក្រោម​ដំបូល​ច្បាប់​ប្រកបដោយ​តម្លាភាព​។ សេចក្ដីព្រាងច្បាប់​នេះ និង​លិខិតបទដ្ឋាន ព្រមទាំង​គោលនយោបាយ​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ នឹង​អនុញ្ញាតឱ្យ​មានកា​គ្រប់គ្រង​លើ​វិស័យ​កាស៊ីណូ និង​ល្បែង​ពាណិជ្ជកម្ម​ដទៃទៀត​យ៉ាង​តឹងរ៉ឹង និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​ការកំណត់​ចំនួន​ទុនវិនិយោគ​អប្បបរមា សម្រាប់​អាជីវកម្ម​កាស៊ីណូ ការកំណត់​តំបន់​ដែល​គួរ​អនុញ្ញាត​ឱ្យមាន​ល្បែង​ពាណិជ្ជកម្ម ឬ​មិនគួរ​អនុញ្ញាត ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការបំពាក់​នូវ​បច្ចេកវិទ្យា​សម​ស្រម​ក្នុងការ​ត្រួតពិនិត្យ​ជាប្រចាំ លើ​កិច្ចដំណើរការ​របស់​ប្រតិបត្តិ​ករ​ល្បែង​ពាណិជ្ជកម្ម​ជាដើម​។​

​នៅក្នុង​បរិការណ៍​នៃ​ការរៀបចំ​ច្បាប់​នេះ ក៏មាន​ការគិតគូរ​ផងដែរ​អំពី​យន្តការ សម្រាប់​ដោះស្រាយ​នូវ​បញ្ហា​កង្វល់ ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការលាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ នៅក្នុង​ក្របខ័ណ្ឌ​នេះ រាជរដ្ឋាភិបាល​ក៏​អាច​រៀបចំ​នូវ​យន្តការ​សហប្រតិបត្តិការ ជាមួយ​ដៃគូ​ពាក់ព័ន្ធ ទាំង​ទ្វេភាគី និង​ពហុភាគី ដើម្បី​គ្រប់គ្រង និង​ដោះស្រាយ​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​កាស៊ីណូ និង​ល្បែង​ពាណិជ្ជកម្ម​ផ្សេងៗ​ផងដែរ​។ ដូច្នេះ ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ច្បាប់​នេះ នឹង​រឹតបន្តឹង​ការគ្រប់គ្រង​វិស័យ​កាស៊ីណូ និង​ល្បែង​ពាណិជ្ជកម្ម​ផ្សេងៗ​ឱ្យ​កាន់តែ​រឹងមាំ ដែល​នឹង​ផ្ដល់​ផលប្រយោជន៍​ជា​អតិបរមា ដល់​សេដ្ឋកិច្ចជាតិ និង​ប្រជាជន​កម្ពុជា តាមរយៈ​ការបង្កើត​នូវ​យន្តការ​ស្ថាប័ន​សមស្រប សំដៅ​ពង្រឹង​នូវ​សុវត្ថិភាព សន្តិសុខ របៀបរៀបរយ និង​សណ្ដាប់ធ្នាប់​សង្គម ព្រមទាំង​ចូលរួម​ធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​ដៃគូ​ពាក់ព័ន្ធ​។​

​ជារួម ប្រតិបត្តិ​ករ​ល្បែង​ពាណិជ្ជកម្ម​ត្រូវបាន​អនុញ្ញាត​ក្នុង​បរិបទ​ទូលំទូលាយ​នៃ​ការជំរុញ​វិស័យ​ទេសចរណ៍ កាលានុវត្តភាព​ការងារ និង​ប្រាក់ចំណូល ជាពិសេស ដោយ​ផ្សារភ្ជាប់​នឹង​ការ​អភិ​វ​ឌ្ឃ​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ ដែលជា​ទស្សនទាន​មួយ​ថ្មី នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា​។​

​សេចក្ដីព្រាងច្បាប់​ស្ដីពី “​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​” ត្រូវបាន​រៀបចំឡើង​ក្រោម​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងមហាផ្ទៃ ដោយបាន​ចំណាយពេល​អស់​ប្រមាណ​ជាង ៩​ឆ្នាំ ដោយមាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន កិច្ចពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់ សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី សរុប​ទាំងអស់​មាន​ចំនួន ៥៥​លើក​។​

​សេចក្ដីព្រាងច្បាប់​នេះ​មាន ១២​ជំពូក និង ៩៧​មាត្រា ដែលមាន​វិសាលភាព​អនុវត្ត​ចំពោះ​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​ល្បែង​ពាណិជ្ជកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​មាន​គោលបំណង​ធានា ដល់​ការគ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​លើកកម្ពស់​វិស័យ​ទេសចរណ៍ បង្កើត​ការងារ ប្រមូល​ចំណូល រក្សា​សុវត្ថិភាព និង​សន្តិសុខ​សង្គម​។​

​ច្បាប់​នេះ​មាន​គោលបំណង​ធានា​ការគ្រប់គ្រង​ម​ណ្ដ​ល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​វិស័យ​ទេសចរណ៍ បង្កើត​ការងារ ប្រមូល​ចំណូល រក្សា​សុវត្ថិភាព និង​សន្តិសុខ​សង្គម ដោយ​កំណត់​សមត្ថកិច្ច វិធាន និង​នីតិវិធី​សម្រាប់​គ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហរ​ណ និង​ល្បែង​ពានិជ្ជកម្ម សិទ្ធិ និង​កាតព្វកិច្ច​របស់​រូបវន្ត​បុគ្គល និង​នីតិបុគ្គល ក្នុង​ការធ្វើ​ប្រតិបត្តិការ​ដោយផ្ទាល់ ឬ​ចូលរួម​នៅក្នុង​ល្បែង​ពាណិជ្ជកម្ម និង​កំណត់​សិទ្ធ​ជា​ម្ចាស់​លើ​មណ​ក​ដល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​លើ​គ្រឹះស្ថាន​ល្បែង​ពាណិជ្ជកម្ម ព្រមទាំង​បង្កើត​ស្ដ​ងើ​ដា​រម​ណ្ដ​ល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ​កម្ម និង​ល្បែង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហរ​ណ និង​ល្បែង​ពាណិជ្ជកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង