ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជំនួប​អ្នក​ធុរកិច្ច​កំពូលៗ​លើក​ទី​២ ​អំពី​សក្តានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា

59

រាជធានី​ភ្នំពេញ​៖ ក្នុង​វេទិកា​ជំនួប​អ្នក​ធុរកិច្ច​កំពូលៗ​លើក​ទី​២ (2nd High Net Worth Meetup)​អំពី​សក្តានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី 1 អាជ្ញាធរ​មីន បាន​ថ្លែងថា វិស័យ​អាទិភាព​ចំនួន ៥ សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា រួមមាន ឧស្សាហកម្ម​ប្រភេទ​ថ្មី សម្រាប់​ឈានចូល​ទីផ្សារ​ថ្មី ជាមួយ​ផលិតផល​មានតម្លៃ​ខ្ពស់ ការឆ្នៃប្រឌិត និង​ការប្រកួតប្រជែង ដូចជា​គ្រឿង​បង្គំ​គ្រឿងចក្រ មេកានិច អេឡិចត្រូនិក និង​មធ្យោបាយ​ដឹកជញ្ជូន វិស័យ SME ដូចជា​ការផលិត​សម្ភារ​សុខាភិបាល សម្ភារ​សំណង់ សម្ភារ​សម្រាប់​វិច​ខ្ចប់​នាំចេញ សម្ភារ​ឧស្សាហកម្ម សិប្បកម្ម និង​គ្រឿង​សង្ហា​រឹម វិស័យ​ក​សិ​-​ឧស្សាហកម្ម​សម្រាប់​នាំចេញ​ក្រៅ និង​ទីផ្សារ​ក្នុងស្រុក​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​បានធ្វើ​បទ​បង្ហាញ​ស្តីអំពី​សក្តានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា ក្នុង​វេទិកា​ជំនួប​អ្នក​ធុរកិច្ច​កំពូលៗ​លើក​ទី​២ (2nd High Net Worth Meetup) នៅ​ការិយាល័យ​ក្រុមហ៊ុន PLMP Venture Capital រាជធានី​ភ្នំពេញ​។ ក្នុង​វេទិកា​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​អ្នក​ធុរកិច្ច​មកពី​កម្ពុជា សិង្ហ​បុរី ម៉ាឡេស៊ី ចិន តៃវ៉ាន់ និង​កូរ៉េ​។

​ឯកឧត្តម​បាន​ថ្លែងថា មូលហេតុ​សំខាន់ៗ​នៃ​ការ​មក​វិនិយោគ​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្លាំងក្លា​និង​រឹងមាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះ​រួមមាន ស្ថេរភាព​នយោបាយ សុខសន្តិភាព និរន្ត​ភាព​សេដ្ឋកិច្ច កំណើន​ម៉ាក្រូសេដ្ឋកិច្ច អតិផរណា​ទាប ច្បាប់​វិនិយោគ​មានការ​អនុគ្រោះ​ច្រើន និង​ការអនុគ្រោះ​ពន្ធ​ជាដើម ជាពិសេស មានការ​រៀបចំ​វេទិកា​រវាង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​ក្នុង​រយៈពេល ៦​ខែម្តង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​វិស័យ​ឯកជន​។

​វិស័យ​អាទិភាព​ចំនួន ៥ សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា រួមមាន​៖

1/ ឧស្សាហកម្ម​ប្រភេទ​ថ្មី សម្រាប់​ឈានចូល​ទីផ្សារ​ថ្មី ជាមួយ​ផលិតផល​មានតម្លៃ​ខ្ពស់ ការច្នៃប្រឌិត និង​ការប្រកួតប្រជែង ដូចជា​គ្រឿង​បង្គំ​គ្រឿងចក្រ មេកានិច អេឡិចត្រូនិក និង​មធ្យោបាយ​ដឹកជញ្ជូន ជាដើម​។

2/ វិស័យ SME ដូចជា​ការផលិត​សម្ភារ​សុខាភិបាល សម្ភារ​សំណង់ សម្ភារ​សម្រាប់​វិច​ខ្ចប់​នាំចេញ សម្ភារ​ឧស្សាហកម្ម សិប្បកម្ម និង​គ្រឿង​សង្ហា​រឹម​ជាដើម​។​

3/ វិស័យ​ក​សិ​-​ឧស្សាហកម្ម​សម្រាប់​នាំចេញ​ក្រៅ និង​ទីផ្សារ​ក្នុងស្រុក​។​

4/ ឧស្សាហកម្ម​ផ្គត់ផ្គង់​សម្រាប់​វិស័យ​កសិកម្ម ទេសចរណ៍ និង​វាយ​ន​ភណ្ឌ ក៏ដូចជា​ឧស្សាហកម្ម​បម្រើ​ឲ្យ​ចង្វាក់​ផលិតកម្ម​ថ្នាក់​តំបន់ និង​ទីផ្សារ​សកល ជាដើម​។

5/ ឧស្សាហកម្ម​បម្រើអោយ​ខ្សែចង្វាក់​ផលិតកម្ម​ថ្នាក់​តំបន់ និង​សារសំខាន់​ជា​យុទ្ធសាស្ត្រ​នាពេល​អនាគត ដូចជា ICT ថាមពល ឧស្សាហកម្ម​ធុន​ធ្ងន់ និង​បច្ចេកវិទ្យា​បៃតង​។

“​ខ្ញុំ​សូម​ផ្តល់​ការជឿទុកចិត្ត និង​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន PLMP Venture capital ក្នុង​ការបន្ត​ប្រមែប្រមូល​អ្នកវិនិយោគ​គិ​ន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​មក​បណ្តាក់ទុន​នៅ​កម្ពុជា លើ​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​ភាគហ៊ុន និង SME ជាដើម ក្នុងការ​ចូលរួម​បង្កើត​នូវ​ឱកាស​ការងារ វឌ្ឍនភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​” ឯកឧត្តម​លី ធុជ អនុប្រធាន​ទី ១ អាជ្ញាធរ​មីន​បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​។​

​បើតាម​ឯកឧត្តម​បាន​លើកឡើងថា “​ខ្ញុំ​សូម​ជូនពរ​ឲ្យ​ក្រុមហ៊ុន​ម​ហ៊ុន PLMP Venture capita ទទួលបាន​ជោគជ័យ​លើ​ការងារ​ធុរកិច្ច​របស់ខ្លួន​នៅ​កម្ពុជា ហើយ​កម្ពុជា បន្ត​ស្វាគមន៍ និង​គាំទ្រ​ភាពជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា ផងដែរ​”៕

អត្ថបទដែលជាប់ទាក់ទង