គេចខ្លួនបាន៣ថ្ងៃ ត្រូវនគរបាលតាមចាប់ ក្រោយលួចម៉ូតូ
ភ្នំពេញ ៖ ចៀសមិនផុតពីគុក ក្រោយលួចម៉ូតូមួយគ្រឿង យកទៅបញ្ចាំលេងល្បែង ហើយគេចខ្លួនបាន៣ថ្ងៃ ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅតាមចាប់បាន នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២០ នៅចំណុចភូមិកណ្ដាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានអោយដឹងថា ក្រោយទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លឿង ដារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថាបានបាត់ម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-6614 ។
ភ្លាមៗលោកបានចាត់កម្លាំងចុះស្រាវជ្រាវតាមចាប់បានជនសង្ស័យ ឈ្មោះ ពៅ ដារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
លោកអធិការ បានអោយដឹងថា កាលពីថ្ងៃទី ០៥-០៧-២០២០ ម៉ោង១០និង៣០នាទី ជនរងគ្រោះទុកម៉ូតូហុងដាសេ១២៥ ពណ៌ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១DD-៦៦១៤ នៅមុខផ្ទះគ្មានលេខ ភូមិតាងៅកណ្តាល សង្កាត់និរោធ កើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចចូលទៅក្នុងផ្ទះ ម្តាយក្មេក បន្តិចក្រោយមកជនរងគ្រោះចេញមកវិញ ក៏ឃើញជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួនជិះគេចខ្លួន។ លុះដល់ថ្ងៃទី ០៨-០៧-២០២០ កាលវេលាម៉ោង១០និង៣០នាទី ជនសង្ស័យជិះម៉ូតូម៉ាកខាងលើទៅរកកន្លែងបញ្ចាំនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅហើយក៏ត្រូវបានជនរងគ្រោះជិះម៉ូតូទៅផ្សារប្រទះឃើញស្លាកលេខម៉ូតូនិងម៉ូតូដែលបានបាត់ប្ដឹងនគរបាលព្រហ្មទណ្ឌដើម្បីចុះអន្តរាគមន៍ទាន់ពេលវេលាឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ក្រោយពីសាកសួរនាំជនសង្ស័យទទួលស្គាល់ពិតប្រាកដបានលួចយកម៉ូតូរងគ្រោះមែនដោយអត់លុយលេងល្បែងចំណែកគ្រឿងញៀនមិនបានប្រើប្រាស់នោះទេនិងកសាងសំណុំរងចាត់ការតាមច្បាប់ ៕