ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្រៀនសាលាជម្ពូវ័ន២នាក់ ត្រូវបានផ្តន្ទាទោស ដាក់គុកម្នាក់ៗកំណត់៦ខែ ពីបទលួចទឹកថ្នាំខ្មៅគ.ជ. ប តែទោសនេះត្រូវព្យួរ

322

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបាន បើកការជំនុំជម្រះផ្ទាល់ និង បានប្រកាសសាលក្រមភ្លាមៗសម្រេចផ្តន្ទា គ្រូបង្រៀន២នាក់ ដោយកាត់ទោសដាក់ពន្ធនាគារក្នុងម្នាក់៦ខែ តែទោសនោះត្រូវបានព្យួរទាំងអស់ ក្រោមការចោទប្រកាន់ពីបទលួច ពាក់ព័ន្ធនិងករណីលួចថ្នាំជ្រលក់ដៃរបស់គណកម្មការជាតិរៀបចំការបោះឆ្នោត ។

       ជនជាប់ចោទម្នាក់ឈ្មោះ ទែន រតនា ភេទប្រុស អាយុ៤២ឆ្នាំ និង ម្នាក់ឈ្មោះ ជា សុធារី ភេទស្រី អាយុ៤៦ឆ្នាំ ជាគ្រូបង្រៀននៅអនុវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។         

   ជនជាប់ឈ្មោះ ជា សុធារី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ.លួច ចំណែកជនជាប់ឈ្មោះ ទែន រតនា ចោទប្រកាន់ពីបទ.សមគំនិតក្នុងអំពើលួច ទឹកខ្មៅជ្រលក់ចង្អុលដៃរបស់ គ.ជ.ប ។ 

      ប្រភព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា កាលពីព្រឹកថ្ងៃទី៣១ កក្កដា សមត្តកិច្ចនគរបាលខណ្ឌពោធិសែនជ័យ បានបញ្ជូនគ្រូបង្រៀន ដែលជាជនជាប់ ចោទ២នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការធ្វើការសាកសួរ រឿងលួចទឹកខ្មៅជ្រលក់ចង្អុលដៃរបស់គ.ជ.ប ។ 

         ប្រភពព័ត៌មានឲ្យដឹងទៀតថា ដំបូងសមត្តកិច្ចបានធ្វើការឃាត់ខ្លួនអ្នកគ្រូ ជា សុធារី តែម្នាក់ទេ ប៉ុន្តែក្រោយការសាកសួរយកចម្លើយអ្នកគ្រូ បានជាប់ពាក់ពន្ធទៅ និង លោកគ្រូម្នាក់ទៀត ទើបតំណាងអយ្យការតម្រូវឲ្យសមត្តកិច្ចនាំមកទាំងពីរនាក់តែម្ដង ។ 

       នៅក្នុងសវនាការនាសាលា ដំបូងរាជធានីភ្នំពេញ អ្នកគ្រូបានសសរភាពថាបានជាគាត់លួចយកទឹកខ្មៅគ.ជ.ប នោះ ដោយសារលោកគ្រូបានពឹងពាក់ឲ្យគាត់ ជួយយកដបទឹកថ្នាំខ្មៅនោះមកជ្រលក់ដៃ ព្រោះលោកគ្រូជាប់រវល់នៅថ្ងៃបោះឆ្នោតមិនបានទៅបោះឆ្នោត និងគេ និងមិនមានស្នាមទឹកខ្មៅជាប់ចង្អុលដៃដូច ដូច្នោះបានជាគាត់យកឲ្យ ។ 

       ចំណែកលោកគ្រូវិញបានបដិសេធទៅ និងសំដីអ្នកគ្រូ ដែលចោទប្រកាន់យ៉ាងដូច្នោះ  ហើយលោកគ្រូក៏បានតបទៅអ្នកគ្រូវិញថា ខ្ញុំគ្រាន់តែនិយាយថា បើសិនជាខ្ញុំមិនបានទៅបោះឆ្នោត ខ្ញុំអាចសុំទឹកថ្នាំខ្មៅរបស់គ.ជ.ប មកជ្រលក់ចង្អុលដៃបានអត់ ? 

     ទោះបីលោកគ្រូបដិសេធក៏ដោយ ក៏តំណាងអយ្យការនៅតែតម្កល់ការចោទប្រកាន់ពីបទលួច ហើយស្នើអោយចៅក្រមសម្រេចតាមច្បាប់ ។

     ចៅក្រមជំនុំជំរះ លោកពេជ្រ វិជ្ជាធរ  បានសម្រេចភ្លាមៗផ្ដន្ទាទោសគ្រូបង្រៀនទាំង២នាក់ដាក់ពន្ធនាគារ៦ខែ តែទោសនេះត្រូវព្យួួរទាំងអស់ក្រោមការចោទប្រកាន់ពីបទលួចនិងសមគំនិតលួច ។បន្ទាប់មកតុលាការបានអនុញាតអោយជនត្រូវចោទទាំង២នាក់ត្រឡប់ទៅផ្ទះវិញ ៕

អត្ថបទដែលជាប់ទាក់ទង