ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍន៍ដោយក្រុមអ្នកវិទ្យាសាស្រ្តចិន អាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់ជាសាធារណៈ នៅអំឡុងខែវិច្ឆិកា

92

(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់ប្រទេសចិនបានឱ្យដឹងថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍន៍ដោយក្រុមអ្នកវិទ្យាសាស្រ្តចិន អាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់ជាសាធារណៈ នៅអំឡុងខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារទី ១៥ ខែកញ្ញា ឆ្នាំ២០២០។
លោកស្រី គួយជិន វូ (Guizhen Wu) ប្រធានក្រុមអ្នកជំនាញសុវត្ថិភាពជីវសាស្ត្រនៃ CDC ធ្វើការអះអាងខាង លើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋចិន កាល ពីថ្ងៃចន្ទសប្ដាហ៍នេះ និងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ ពីអង្គការសុខភាពពិភពលោក WHO បានទទួលស្គាល់ថា ខ្លួនកំពុងធ្វើការជាមួយចិន លើលក្ខខណ្ឌទទួលស្គាល់វ៉ាក់សាំងចិនជាលក្ខណៈអន្តរជាតិ។ លោកស្រី Wu បានគូសបញ្ជាក់ដូច្នេះថា «ការធ្វើតេស្ដលើមនុស្សក្នុងដំណាក់កាល់ទី ៣ បានដំណើរការទៅយ៉ាងរលូនហើយវ៉ាក់សាំងអាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់ ជាសាធារណៈនៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ»។

ទោះជាយ៉ាងណា លោកស្រី Guizhen Wu ដែលធ្លាប់បានចូលរួមក្នុងការធ្វើតេស្ដវ៉ាក់សាំងនេះដែរនោះ មិនបានបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិនមួយណាឱ្យប្រាកដនោះទេ។ ចិនមានវ៉ាក់សាំង COVID-19 ចំនួន ០៤ កំពុងស្ថិតនៅក្នុងដំណាក់ កាលទី៣ នៃការធ្វើតេស្ដហើយ ក្នុងចំណោមវ៉ាក់សាំងទាំងនេះទៀតសោតមាន ០៣ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់រួចហើយលើបុគ្គលិកចិន ដែលឈរនៅសមរភូមិមុខប្រយុទ្ធប្រឆាំងនឹង COVID-19 ក្រោមកម្មវិធីបន្ទាន់មួយ កាលពីខែកក្កដាកន្លងទៅ។

គួរបញ្ជាក់ថា វ៉ាក់សាំងទាំង ០៤ ខាងលើមាន ០៣ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិនស៊ីយណូផាម (Sinopharm) និងក្រុមហ៊ុន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) និងមួយទៀត ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន ខេនស៊ីណូ បាយអូឡូជីក (CanSino Biologics) ដែលទទួលបានការអនុញ្ញាតពីយោធាចិន កាលពីខែកក្កដា។ ចំណែកឯក្រុមហ៊ុនចិន Sinopharm កាលពីខែកក្កដាបានអះអាងថា វ៉ាក់សាំងរបស់ខ្លួនអាចនឹងរួច រាល់សម្រាប់ការប្រើប្រាស់នៅចុងឆ្នាំ២០២០នេះ បន្ទាប់ពីបញ្ចប់ការធ្វើតេស្ដដំណាក់ កាលទី៣៕

អត្ថបទដែលជាប់ទាក់ទង