ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អឺរ៉ុបកំពុងងើបឈរឡើងវិញ ដើម្បីយកឈ្នះជំងឺរាតត្បាតសកល និងប្រកួតប្រជែងជាមួយចិន និងអាមេរិក

24

នៅក្នុងសន្និបាតប្រចាំឆ្នាំនៅឯសភាអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហាញពីគោលដៅសំខាន់ៗ ដែលលោកស្រីបានដាក់ចេញ នៅពេលដែលលោកស្រីចូលកាន់តំណែងកាលពីខែធ្នូឆ្នាំមុន រួមមានសកម្មភាពដើម្បីការពារបរិស្ថាន និងបដិវត្តន៍នៃប្រព័ន្ធឌីជីថល។ នៅក្នុងផែនការនេះ លោកស្រីគ្រោងនឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅសហភាពអឺរ៉ុប (EU) ឲ្យបានយ៉ាងតិច ៥៥ % នៅត្រឹមឆ្នាំ២០៣០ លើគោលដៅដែលមានស្រាប់ត្រឹម ៤០% ហើយបានអំពាវនាវឲ្យមានការវិនិយោគ កាន់តែច្រើនលើវិស័យបច្ចេកវិទ្យាសម្រាប់អឺរ៉ុប ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន និងសហរដ្ឋអាមេរិកផងដែរ។

គួររំលឹកថា សហគមន៍អឺរ៉ុបបានប្រឈមជាមួយនឹងវិបត្តិជាច្រើនឆ្នាំមកហើយ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨មកម្ល៉េះ ព្រមទាំងបញ្ហាជនភៀសខ្លួន និងការអូសបន្លាយពេល នៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។ លើសពីនេះ នៅពេលដែលជំងឺ COVID-19 បានផ្ទុះឡើងនៅទ្វីបអឺរ៉ុប សាមគ្គីភាពក្នុងចំណោមប្រទេសជាសមាជិកទាំង ២៧ បានប្រេះឆាយ៉ាងខ្លាំងដោយសារតែប្រទេសនានាបានបដិសេធមិនព្រមចែកចាយឧបករណ៍វេជ្ជសាស្រ្ត ជាមួយប្រទេសដែលរងផលប៉ះពាលខ្លាំង និងការបិទព្រំដែនដោយគ្មានការពិគ្រោះយោបល់ដើម្បីទប់ស្កាតការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា។

ទន្ទឹងគ្នានេះមេដឹកនាំនៃបណ្តារដ្ឋជាសមាជិក បានប្រើប្រាស់ពេលច្រើនខែលើផែនការរួមមួយ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច ដែលបង្កដោយវីរុសដ៏កាចសាហាវមួយនេះ។ ទោះជាយ៉ាងនេះក្តី កាលពីខែកក្កដា បណ្តាប្រទេសអឺរ៉ុបបានព្រមព្រៀងលើផែនការ ដែលបានត្រួសត្រាយផ្លូវឲ្យគណៈកម្មការអឺរ៉ុប ធ្វើការរៃអង្គាសប្រាក់រាប់ពាន់លានអឺរ៉ូ ដែលជាសារបង្ហាញអំពីសាមគ្គីភាព មិនធ្លាប់មានពីមុនមក រាប់ចាប់តាំងពីការធ្វើសមាហរណកម្មអឺរ៉ុបជិត ៧ទសវត្សរ៍មុន។

គួរបញ្ជាក់តាមលោកស្រី Ursula von der Leyen បានថ្លែងប្រាប់នៅក្នុងសភាអឺរ៉ុបយ៉ាងដូច្នេះថា នេះគឺជាពេលវេលាសម្រាប់អឺរ៉ុបដើម្បីទុកចិត្តគ្នា និងឈរជាមួយគ្នា ហើយវិបត្តិគ្រានេះនឹងដឹកនាំផ្លូវយើងទាំងអស់គ្នា ចេញពីភាពផុយស្រួយឆ្ពោះទៅរកភាពរឹងមាំថ្មី។ លោកស្រីហ៊ានលើកឡើងបែបនេះ ពីព្រោះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងបានរកឃើញឡើងវិញ នូវតម្លៃនៃអ្វីដែលយើងមានដូចគ្នា ហើយយើងបានបង្វែការភ័យខ្លាច និងការបែកបាក់រវាងរដ្ឋជាសមាជិក ទៅជាទំនុកចិត្តនៅក្នុងសហភាពរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង