ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្កាយរណបអឺរ៉ុប Mars Express «ទើបរកឃើញបឹងទឹកប្រៃថ្មីៗទៀត» កប់ក្រោមស្រទាប់ទឹកកក នៃប៉ូលខាងត្បូងភពអង្គារ

76

ការសិក្សាស្រាវជ្រាវថ្មីមួយ ដែលទើបចេញផ្សាយក្នុងសប្តាហ៍នេះ នៅលើទស្សនាវដ្តីធម្មជាតិ-វិទ្យាសាស្រ្ត បានទទួលស្គាល់អំពីការរកឃើញ បឹងក្រោមផ្ទាំងទឹកកកឆ្នាំ២០១៨ ហើយបានគាំទ្ររបកគំហើញនោះ ជាមួយការរកឃើញវត្តមានបឹងស្រដៀងគ្នាចំនួន ០៣ថែមទៀត នៅឯតំបន់ប៉ូលខាងត្បូងរបស់ភពអង្គារ។ ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ ទិន្នន័យរ៉ាដាពីយានអវកាស-ផ្កាយរណប Mars Express របស់អង្គការអវកាសអឺរ៉ុប ESA កាលពីចន្លោះឆ្នាំ២០១២-២០១៩។

ក្នុងចំណោមនោះ បឹងដែលមានទំហំធំជាងគេមានមុខកាត់ប្រវែងប្រហែល ៣០គីឡូម៉ែត្រ។ ក្រុមអ្នកវិទ្យាសាស្រ្តជឿថា ទឹកនៅទីនោះមានសារធាតុអំបិលច្រើនខ្លាំង ដែលអនុញ្ញាតវាស្ថិតក្នុងទម្រង់រាវ ទោះនៅក្រោមសីតុណ្ហភាពដ៏ត្រជាក់ របស់ភពអង្គារក៏ដោយ។ ប៉ុន្តែដោយសារមានបរិមាណអំបិលខ្ពស់បែបនេះ អាចមានន័យថា ពុំមានវត្តមានទម្រង់ជីវិតណាមួយឡើយ។ ក្រុមអ្នកវិទ្យាសាស្រ្តខាងលើសង្ឃឹមថា នៅពេលអនាគត បេសកកម្មទៅកាន់ភពអង្គារនឹងផ្តោតសិក្សាលម្អិតលើ តំបន់ប៉ូលខាងត្បូងរបស់ភពក្រហមនេះ ពាក់ព័ន្ធនឹងបឹងទាំងនេះ។

គួរបញ្ជាក់ថា បើតាមការជឿជាក់របស់ពួកគេ វាអាចមានបណ្តាញបឹងក្រោមដីដ៏ធំ និងចំណាស់ គឺអាចរាប់លាន ឬរាប់ពាន់លានឆ្នាំនៅពេលភពអង្គារនៅជាទីឋានដែលមានកម្តៅ និងសំណើម ដូចផែនដីយើងយ៉ាងដូច្នោះ។ បច្ចុប្បន្នផ្ទៃរបស់ភពអង្គារ គឺជាទីឋានដ៏ក្រៀមក្រោះ ដោយសារទឹកលែងអាចមានវត្តមាន នៅស្រទាប់ខាងលើរបស់វាទៀតបាន ព្រោះខ្វះស្រទាប់បរិយាកាស, កម្លាំងទំនាញ និងដែនម៉ាញេទិច៕

អត្ថបទដែលជាប់ទាក់ទង