ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ ស្នើសុំអោយម្ចាស់រថយន្តធុនធ្ងន់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសវាង ការដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់

54

ព្រះវិហារ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានស្នើសុំអោយម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍លើផ្លូវមួយចំនួនក្នុងភូមិសាស្រ្តខេត្តព្រះវិហារ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងជៀសវាងអោយបាននូវការដឹកជញ្ជូនទំនិញលើសទម្ងន់កំរិតកំណត់ធ្វើអោយខូចផ្លូវ។

   ការស្នើសុំបែបនេះរបស់លោកសំ លាងទ្រីបានធ្វើឡើងកាលពីថ្ងៃទី២៣តុលា ខណៈដែលលោកចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង ការដ្ឋានថែទាំប្រចាំ នៅលើផ្លូវជាតិលេខ ៩៤ពីទីរួមស្រុកឆែប ទៅកាន់ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ(ព្រំដែនកម្ពុជាឡាវ)

   លោកសំ លាងទ្រីបានមានប្រសាសន៍ថា ថ្ងៃនេះលោកបានចុះពិនិត្យស្ថានភាពជាក់ស្ដែងការដ្ឋានថែទាំប្រចាំ នៅលើផ្លូវជាតិលេខ ៩៤ពីទីរួមស្រុកឆែប ទៅកាន់ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ(ព្រំដែនកម្ពុជាឡាវ)

  លោកបញ្ជាក់ថា ផ្លូវនេះត្រូវបានក្រុមការងារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុល ដោយកៀរសម្រួល ថែមក្រួសក្រហម ស្រោចទឹក កិនបង្ហាប់។ បច្ចុប្បន្នអាចអោយចរាចរណ៍បានល្អប្រសើរឡើងវិញហើយបន្ទាប់ពីផ្លូវមួយខ្សែនេះទទួលរងផលប៉ះពាល់ ខូចខាតដោយអន្លើ ពីជំនន់ទឹកភ្លៀងរយ:ពេលកន្លងមក។

    ដើម្បីធានាសុវត្ថិភាព និងថែរក្សាផ្លូវថ្នល់អោយប្រើប្រាស់បានយូរអង្វែង លោកបានសូមម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជៀសវាងការដឹកជញ្ជូនទំនិញលើសទម្ងន់កំរិតកំណត់ដែលធ្វើអោយផ្លូវថ្នល់ងាយនឹងទទួលរងប្រេះ ស្រុត ខូចខាតឆាប់រហ័ស៕

 

 

អត្ថបទដែលជាប់ទាក់ទង