ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរនឹងធ្វើការផាកពិន័យ ទៅលើអ្នកចោលសំរាមគ្មានសណ្ដាប់ធ្នាប់ និងមិនត្រូវតាមម៉ោងពេល

111

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿនបានបញ្ជាក់ឲ្យដឹងថា នៅពេលដ៏ខ្លីខាងមុខនេះ ប្រជាពលរដ្ឋដែលទុកដាក់សំរាមមិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់បរិស្ថាន ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ អាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការផាកពិន័យហើយ

   ការបញ្ជាក់បែបនេះរបស់លោកឯក ឃុនដឿនបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២០ ខណៈដែលលោកដឹកនាំមន្ត្រីក្រោមឱវាទ រាប់រយនាក់ចុះសំអាត ប្រមូលសំរាមនិងផ្សព្វផ្សាយអំពីការបង្ការនិងទប់ស្កាត់covid-19 នៅក្នុងមូលដ្ឋានខណ្ឌទួលគោក។

  លោកឯក ឃុនដឿនបានមានប្រសាសន៍លើកឡើងថា ការបង្កើតឲ្យមានពិធីប្រមូលសម្អាតសំរាមនៅតាមទីសាធារណៈនេះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ រស់នៅស្អាត ជៀសវាងបាននូវជំងឺផ្សេងៗ។

   លោកឯក ឃុនដឿនក៏បានបន្តទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ មានសោភ័ណភាព បរិស្ថានល្អ ប្រជាពលរដ្ឋរស់នៅដោយភាពស្អាតនោះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងបរិស្ថានបានបង្កើតឲ្យមានការដេញថ្លៃ ជ្រើសរើស ក្រុមហ៊ុនប្រមូលសំរាមចំនួន៣ដើម្បីប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ លោកក៏បានបញ្ជាក់ផងដែរថា ក្រោយពីបង្កើតឲ្យមានក្រុមហ៊ុនប្រកួតប្រជែងគ្នាលើការប្រមូលសម្រាម និងក្រោយពីមានការផ្សព្វផ្សាយ ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបញ្ចេញទុកដាក់សំរាមឲ្យបានត្រឹមត្រូវហើយនោះអាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការផាកពិន័យទៅលើបងប្អូនប្រជាពលរដ្ឋដែលទុកដាក់សំរាមមិនបានត្រឹមត្រូវហើយ។

  លោកឯក ឃុនដឿនក៏បានបញ្ជាក់ផងដែរថា សម្រាប់ខណ្ឌទួលគោកក្នុងមួយថ្ងៃៗ ដឹកសំរាមចេញទៅចាក់នៅទីលានចាក់សំរាមបានប្រមាណ៣០០តោនក្នុងមួយថ្ងៃ ការខិតខំប្រឹងប្រែងកន្លងមកនេះបានធ្វើឲ្យខណ្ឌទួលគោកមានសណ្ដាប់ធ្នាប់ មានបរិស្ថានល្អប្រសើររហូតដល់ជាប់ចំណាត់ថ្នាក់ ដោយទទួលបានផ្កាកុលាបពីរទង ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតនាពេលកន្លងទៅ។

  គួរបញ្ជាក់ផងដែរថា ក្រៅពីដើរប្រមូលសំរាម ការផ្សព្វផ្សាយអំពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវនោះ អាជ្ញាធរខណ្ឌទួលគោក៏បានធ្វើការផ្សព្វផ្សាយអំពីការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ខណៈដែលនៅពេលនេះជំងឺកូវីដ១៩បាននិងកំពុងរីករាលដាលនូវឡើយនោះ៕

អត្ថបទដែលជាប់ទាក់ទង