មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ និងមិនមានករណីជាសះស្បើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ និងមិនមានករណីជាសះស្បើយ។ អ្នកវិជ្ជមាននេះ គឺស្ថិតក្នុងចំណោមអ្នកដែលប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រី ដែលបានធ្វើតេស្តលើកទី២។
ករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០១នាក់៖ ជាបុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនគណប្រតិភូហុងគ្រី មានអាសយដ្ឋាន នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយសារគាត់មានរោគសញ្ញាគួរឲ្យសង្ស័យ ដូច ជាមានរមាស់បំពង់ក និងក្អក វត្ថុសំណាករបស់គាត់ត្រូវបានយកជាលើកទី២ ហើយលទ្ធផលដែលផ្តល់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកប៉ះពាល់ជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ៖ ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ៤នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៣នាក់ (ដែលជាការធ្វើតេស្តលើកទី១) និង វិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០១នាក់ (ដែលជាការធ្វើតេស្តលើកទី២)។ ដូច្នេះ ចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មាន ៨៩២នាក់ សម្រាប់ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងចំនួននេះ មានបុគ្គលម្នាក់ (ដូចបានជម្រាប ជូនខាងលើនេះ) មានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅពេលធ្វើតេស្តលើកទី ២។
ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកជូនដល់អ្នកដែលប៉ះពាល់ទាំងអស់ដែលមានលទ្ធផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវនិងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័កដោយខ្លួនឯង ) ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញចំនួន ៣ដង ទៀត នៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាកសម្រាប់ធ្វើតេស្ត រកវីរុសកូវីដ-១៩ ចាប់ពីម៉ោង ០៧និង០០ព្រឹក ទៅតាមកាលបរិច្ឆេទដូចខាងក្រោមនេះ ៖
លើកទី ២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
លើកទី ៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ និង
លើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋ អាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវ រកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕