បិទហើយ បើកវិញ មន្ទីរសម្រាកព្យាបាល លី ស្រីវីណា
មន្ទីរសម្រាកព្យាបាល លី ស្រី វី ណា បានប្រកាសថា នឹងចាប់ផ្តើមបើកទទួលអ្នកជំងឺឡើងវិញចាប់ពី ម៉ោង ៣ រសៀល ថ្ងៃទី២០ វិច្ឆិកា ២០២០ ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសម្រាកព្យាបាល លី ស្រី វី ណា ដែលត្រូវបានគេចែកចាយបន្តគ្នានៅលើបណ្តាញសង្គម ហ្វេសប៊ុកនៅថ្ងៃទី១៩ វិច្ឆិកា ២០២០ នេះ ។
គ្លីនិក « លី ស្រី វី ណា » បានទទួលការអនុញ្ញាតជាផ្លូវការពីក្រសួងសុខាភិបាល ឲ្យបើកដំណើរការឡើងវិញហើយ ។ គ្លីនិកខាងលើ ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទកាលពីថ្ងៃទី៦ វិច្ឆិកា ២០២០ ដោយសំអាងថា គ្លីនិក លី ស្រីវីណា ពុំមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ បន្ទាប់ពីលោកមេធាវី ទេព ពៅ បានទទួលមរណភាព ដោយគាំងបេះដូងនៅក្នុងគ្លីនិកនេះ កាលពីថ្ងៃទី២៩ តុលា កន្លងទៅ ។
ជុំវិញការប្រកាសរបស់គ្លីនិកខាងលើនេះដែរ នៅល្ងាចថ្ងៃទី១៩ វិច្ឆិកា អ្នកនាំពាក្យក្រសួងសុខាភិបាលលោក ឱ វណ្ណឌីនបានថ្លែងថា “ក្រសួងសុខាភិបាល បានអនុញ្ញាតមែន ដោយសារបានគោរពតាមការកំណត់បម្រើតែសេវាបថម និងមានកិច្ចសន្យាត្រឹមត្រូវ គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានត្រួតពិនិត្យនិងឯកភាពដែរ”៕