គំនិតឡឺកឺ ៖ អំណួតនៃម្រាមដៃ
ភ្នំពេញ ៖ ថ្ងៃនេះម្រាមដៃទាំងមិនដឹងថា មានការអាក់អន់ចិត្តអ្វីនឹងគ្នាទេ ស្រាប់តែជជែកវែកញែកគ្នា យកឈ្នះយកចាញ់រៀងៗខ្លួនដោយអាងឡើងសុទ្ធតែខ្លួនខ្លាំងដូចគ្នា ហាក់មិនខ្វល់នឹងអាណាឡើយ ។
ម្នាក់ៗសុទ្ធតែធំក្លិនស្រាដូចគ្នា ហើយនិយាយគ្នាដូចមិនមែន ជាអ្នកកើតក្នុងត្រកូលជាមួយគ្នាឡើយ។ មេដៃដែលតូចជាកន្តឿជាងគេ ចាប់ផ្ដើមនិយាយមុនទាំងតម្លើងសំឡេងធំៗថា ក្នុងចំណោមបងប្អូនទាំង៥នាក់ មានតែអញទេ ដែលមានអំណាចជាងគេ ។ ចង់ខ្ចីលុយធនាគារ ទិញឬលក់អ្វីៗនោះ គឺមានតែអញទេ ដែលជាអ្នកចេញមុខផ្ដិតមេដាយ ហើយបើធ្វើអ្វីៗបានសម្រេចនោះ ក៏អញដែរ ដែលជាអ្នកលើកមេដាយជាសញ្ញាថាGood ឬ Perfect ។
ចង្អុលដៃដែលនៅកៀកគ្នានោះ ទំនងជាជ្រេញពេក ក៏តបវិញថា កុំចេះតែបើកបបូមាត់ខុសទំនងបែបនេះ ។ អ្នកដែលខ្លាំងជាងគេគឺអញឯណេះ ព្រោះអញអាចចង្អុលឲ្យអង្គុយគឺអង្គុយ ចង្អុលឲ្យឈរ គឺឈរហើយ ។ ចង់ចង្អុលឲ្យរលាយ គឺរលាយកុំចេះតែហ៊ានវើយ ។
ម្រាមដៃកណ្ដាលធុញពេក ក៏ពេបមាត់ចំអកថាពួកឯងទាំង២រូបនេះ រៀននិយាយឲ្យស្គាល់មួក ស្គាល់ម្កុដផងវើយ កុំអាងតែអញមិនមាត់ចេះតែក្អេងក្អាងទៅៗ ។ ក្នុងចំណោមពួកឯងទាំង៥នាក់ នរណាខ្ពស់ជាងអញតិចត្រូវឥឡូវអ្ហាស់ ។
នាងដៃដែលស្ងាត់មាត់យូរហើយនោះ ក៏បើកចំពុះមានវាចារចំអកថា ពួកឯងសុទ្ធតែជាពួកអាអត់ប្រយោជន៍ ។ នែអញឯណេះទេវើយដែលខ្លាំងនោះ ។ ក្នុងពិធីភ្ជាប់ពាក្យ មិនដែលនរណាយកចិញ្ចៀន ទៅបំពាក់ឲ្យពួកឯងទេ គេបំពាក់ឲ្យអញឯណេះ ។
កូនដៃដែលតូចជាងគេ ក៏និយាយដែរថា តាមពិតខ្ញុំឯណេះទេ ទើបសក្តិសមជាអ្នកខ្លាំងក្នុងត្រកូល ។ សំពះព្រះមហាក្សត្រ សម្ដេច ទ្រង់ ឯកឧត្តម ព្រះសង្ឃ សំពះអ្នកមានគុណ គឺខ្ញុំឯណេះទេ ដែលនៅមុខគេពួកបងៗ សុទ្ធតែនៅពីក្រោយខ្ញុំទាំងអស់ហ្នឹង ។ ម្នាក់ៗប្រជែងគ្នាយកខ្លាំងរៀង” ៗខ្លួនតិចវ៉ៃបែកមាត់ឥឡូវ ?
មាត់ដែលមិននៅក្នុងជម្លោះសោះ លោតែលឺសម្ដីកូនដៃនិយាយបែបនេះ ក៏គំរាមមកវិញថា បងប្អូនពួកឯងឈ្លោះគ្នាមកចង់វ៉ៃអញតិចលើអញខាំដាច់មេដាយឥឡូវហ្នឹង ។ គ្រានតែនិយាយចប់មាត់ទាញមេដៃមកខាំភ្លាម ហើយមាត់ក៏ស្រែកដោយខ្លួនឯងថាអូយ យ៉ូយ ៗជួយផងម៉ែអ៊ើយឈឺណាស់ ។
រាងកាយដូចជាសង្គមមួយ បើរាងកាយមិនត្រូវគ្នាហើយឈ្លោះប្រកែកគ្នា រហូតមានហឹង្សាបែបនេះ គឺគ្មានរណាមកឈឺជំនួសយើងឡើយ ។ សុំទោសនេះជាគំនិតរបស់មនុស្សឡឺកឺទេ សូមមេត្តាកុំរើសដាក់ខ្លួនឲ្យសោះ ៕