ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរភ្នំពេញនឹងធ្វើពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសល ដល់ជនរងគ្រោះស្លាប់នៅលើអតីតស្ពានពេជ្រគម្រប់ខួប១០ឆ្នាំនៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះ​

80

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបកម្មវិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រព្រះសង្ឃ ទៅតាមទំនៀមទម្លាប់ប្រពៃណីសាសនា ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតគម្រប់ខូប១០ឆ្នាំ (២២វិច្ឆិកា២០១០-២២វិច្ឆិកា២០២០) ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាលើអតីតស្ពានពេជ្រកាលពីយប់ថ្ងៃទី២២វិច្ឆិកា២០១០ ឬថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក ឡេីយ​ ដែល​កម្មវិធី​នេះនៅតែធ្វេី​ គឺអភិបាល​រាជធានីភ្នំពេញ​បានណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌចំការមន​ជាអ្នករៀបចំធ្វេីតាមប្រពៃណីព្រះពុទ្ធសាសនា​នៅថ្ងៃទី​២២ខែ​វិច្ឆិកានេះ​។

លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បានធ្វើការណែនាំឱ្យអភិបាល​ខណ្ឌចំការមន​ លោក​ ថេង​ សុថុល​ រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលនិងរាប់បាត្រព្រះសង្ឃទៅតាមប្រពៃណី​ព្រះ​ពុទ្ធសាសនា​ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រនៃទីក្រុងកោះពេជ្រ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២០ ។ពិធីរំលឹកវិញ្ញាណក្ខន្ធនេះធ្វើនៅខាងមុខស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះស្ថិតនៅជាប់ស្ពាននាគនៃតំបន់កោះពេជ្រ ជាទីដែលជនរងគ្រោះបានបាត់បង់ជីវិតកាលពី១០ឆ្នាំមុន ដែល​មានការចូលរួមពី មន្ត្រីរាជការ,អាជ្ញាធរដែនដី,សាច់ញាតិក្រុមគ្រួសារបស់ជនរងគ្រោះ និងប្រជាពលរដ្ឋទៀតផងដែរ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានឧបទ្ទវហេតុរត់ជាន់គ្នាបានកើតឡើងនៅលើស្ពានកោះពេជ្រ បណ្តាលឲ្យមនុស្សស្លាប់៣៥៣នាក់ និងរងរបួសជាង៤០០នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង