ព្រះរាជអាជ្ញា ចេញដីកាបញ្ជាឲ្យចូលខ្លួន ឧត្តមសេនីយ៍យោធាម្នាក់ ករណី «ឆបោក និងចេញសែកស្អុយ»
ភ្នំពេញ៖ លោកឧត្តមសេនីយ៍យោធាឈ្មោះ សៅ ប៊ុនហ៊ួរ ដែលជាប់ចោទពីបទ «ឆបោក និងចេញសែកស្អុយ»ត្រូវ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាតាមចាប់ខ្លួន ។
បើតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាឲ្យឧត្តមសេនីយ៍ត្រី សៅ ប៊ុនហ៊ួរ អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៣៧៩បេ ផ្លូវលេខ២៧ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យចូលបង្ហាញខ្លួននៅការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសួរនាំលើបណ្ដឹងព្រហ្មទណ្ឌ ពីបទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹងរបស់ឈ្មោះ ឌី ក្តឹប ។ បន្ថែមពីនេះ ដីកាក៏បានអនុញ្ញាតឲ្យមន្ដ្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលនោះឲ្យចូលបង្ហាញខ្លួនបាន៕