គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យដួល ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ឯរថយន្តបើករត់បាត់
ព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា ម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩០-១៩១ រវាងម៉ូតូ០១គ្រឿងម៉ាកHonda bream ពណ៏ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ ១E -៣១៩១ មកដល់ចំណុចខាងលើបានរេចង្កូតមកខាងឆ្វេងដៃប៉ះជាមួយរថយន្ត០១គ្រឿង មិនទាន់ស្គាល់ម៉ាកនិងអត្តសញ្ញាណ បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកភាគីខាងរថយន្តបានបើករត់គេច។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ភ្លាមៗ ជនរងគ្រោះទាំង ២នាក់នៅពុំទាន់ស្គាល់អត្ដសញ្ញាណឡើយ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្វែងរកគ្រួសារជនរងគ្រោះ ក្នុងនោះអ្នករងរបួសយកទៅសង្គ្រោះនៅគ្លីនិកឯកជន នៅឃុំអូរឧកញ៉ាហេង និងបន្តស្រាវជ្រាវដោះស្រាយតាមនីតិវិធី៕