ទាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស៊ី ជនសង្ស័យម្នាក់ កាប់បុរសម្នាក់ស្លាប់
ព្រះវិហារ៖ បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសារត្រូវបុរសម្នាក់ទៀតយកកាំបិតផ្គាក់កាប់ ព្រោះទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ។
ជនដៃដល់ឈ្មោះ សារ៉ាត់ សារិត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិពយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះ ឈ្មោះ រ៉ា បឹប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិ ត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ អ្នកទាំងពីរជាប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ននៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រវិហារ។
មូលហេតុនៃអំពើឃាតកម្មនេះ បណ្តាលមកពីស្រវឹងស្រាមានទំនាស់ពាក្យសំដីនឹងគ្នា។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ឃាត់ខ្លួន និងអនុវត្តតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕