ចោរលួចម៉ូតូ១គ្រឿង យកមកផ្ញើនៅកន្លែងផ្ញើម៉ូតូក្រោយមន្ទីរពេទ្យកាល់ម៉ែត ត្រូវម្ចាស់រកឃើញ
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពិនិត្យឃើញថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ មានករណីចោរកម្មកើតឡើងនៅចំណុចកន្លែងដាក់ផ្ញើម៉ូតូនៅចំណុចក្រោយមន្ទីរពេទ្យកាល់ម៉ែត ហើយករណីនេះត្រូវបានមហាជន និងបណ្ដាញទំនាក់ទំនងសង្គមស្ដីបន្ទោសទៅលើភាពយឺតយ៉ាវនៃការអន្តរាគមន៍របស់នគរបាលប៉ុស្តិ៍ ដែលធ្វើឱ្យមុខសញ្ញាសង្ស័យរត់រួចពីសំណាញ់ច្បាប់។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានកោះអញ្ជើញនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរបំភ្លឺពាក់ព័ន្ធនឹងករណីខាងលើនេះ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក បានបំភ្លឺថា កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី មានជនរងគ្រោះ២នាក់ បានមកទំនាក់ទំនងជាមួយប៉ុស្តិ៍ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នើសុំអន្តរាគមន៍ពីមន្ត្រីជំនាញ ដើម្បីទៅយកម៉ូតូ១គ្រឿងដែលចោរបានលួច និងរកឃើញនៅកន្លែងផ្ញើម៉ូតូក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ផ្លូវ៨០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី កាន់ វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក បានត្រួតពិនិត្យលើពាក្យបណ្តឹងរបស់ជនរងគ្រោះឃើញថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អម ពាក់ព័ន្ធនឹងករណីចោរលួចម៉ូតូហុងដាប៊ីត ពណ៌ក្រហម ផ្លាកលេខ 1IM-3686 ។ បន្ទាប់ពីសួរនាំព័ត៌មានពាក់ព័ន្ធនឹងម៉ូតូខាងលើ ដើមបណ្ដឹងទាំងពីរបានបញ្ជាក់ថា ពួកគាត់បានរកឃើញម៉ូតូរបស់គាត់ខាងលើ នៅកន្លែងផ្ញើម៉ូតូក្រោយមន្ទីរពេទ្យកាល់ម៉ែត។
បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ លោកនាយប៉ុស្តិ៍ កាន់ វណ្ណៈ បានទូរស័ព្ទទៅប្រាប់អ្នកទទួលខុសត្រូវកន្លែងផ្ញើម៉ូតូ ជួយសហការរារាំងជនណាដែលមានបំណងមកយកម៉ូតូដែលមានភិនភាគដូចខាងលើ។
លោកនាយប៉ុស្តិ៍នគរបាលបានឲ្យជនរងគ្រោះទាំងពីរនាក់ ទៅរង់ចាំនៅកន្លែងផ្ញើម៉ូតូនោះមុន ហើយលោកបានទំនាក់ទំនងឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចុះបង្ក្រាបករណីនេះ។
បន្ទាប់ពីផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនឹងម៉ូតូខាងលើរួចមក ពិនិត្យឃើញថាមានភាពត្រឹមត្រូវ កម្លាំងប៉ុស្តិ៍បានដកហូតម៉ូតូពីកន្លែងផ្ញើនោះ និងបានបំពេញបែបបទប្រគល់ឲ្យជនរងគ្រោះជាម្ចាស់កម្មសិទ្ធិនោះវិញ។
ជនរងគ្រោះខាងលើ មានសេចក្តីត្រេកអរ ដោយបានរកម៉ូតូឃើញវិញ និងអរគុណ ចំពោះមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដែលបានទំនាក់ទំនងជាមួយអ្នកទទួលខុសត្រូវកន្លែងផ្ញើម៉ូតូ រារាំងមិនឱ្យជនល្មើសយកម៉ូតូចេញពីទីនោះបាន។ ដោយឡែក កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក និងខិតខំស្រាវជ្រាវស្វែងរកមុខសញ្ញាសង្ស័យខាងលើ ដើម្បីមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណជនដែលបានចូលរួមចំណែកក្នុងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ និងសូមទទួលយកការរិះគន់ទាំងឡាយក្នុងន័យស្ថាបនា ដើម្បីជាមូលដ្ឋានក្នុងការកែលម្អការអនុវត្តតួនាទីភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៅទូទាំងរាជធានីភ្នំពេញ ៕