ការដោះស្រាយបញ្ហាលិចលង់ដោយ ទឹកជំនន់ជាប្រធានបទធំ ដែលបានលើកឡើងក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទីមួយរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ខែវិច្ឆិកានេះបានផ្ដោតសំខាន់ទៅលើការដោះស្រាយបញ្ហាទឹកលិចលង់នៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានេះឲ្យបានល្អប្រសើរសម្រាប់ឆ្នាំក្រោយៗទៀត។
លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុង មានវិធានការទៅលើការដោះស្រាយនូវបញ្ហាការលិចលង់ដោយទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ យើងបាននិងកំពុងទប់ទំនប់សណ្តស្ទឹងព្រែកត្នោតឲ្យបានខ្ពស់ ហើយការងារនេះយើងបានសុំគោលការទៅរាជរដ្ឋាភិបាលដើម្បីពន្លឿនការងារនេះអោយបានលឿន កាត់បន្ថយបាននូវហានិភ័យរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះថាការលិចលង់ដោយទឹកជំនន់នេះ មានហានិភ័យខ្ពស់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ។
លោកប៉ា សុជាតិវង្សក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងផងដែរថា បញ្ហាលិចលង់នេះគឺជារឿងធំមួយដែលយើងត្រូវរួមគ្នាធ្វើការដោះស្រាយធ្វើយ៉ាងណាឱ្យបានប្រសើរ ជៀសវាងនូវការលិចលង់ដោយទឹកជំនន់ ។
លោកប៉ា សុជាតិវង្សក្នុងឱកាសនោះក៏បានសំដែងនូវការកោតសរសើរផងដែរ ចំពោះ គណៈអភិបាលរាជធានីគណៈអភិបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធមន្ទីរអង្គភាពជំនាញពាក់ព័ន្ធនឹងមន្ត្រីចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់កន្លងមកបានទាន់ពេលវេលា ។ លោកបានសម្តែងការកោតសរសើរដល់ការដឹកនាំនិងការខិតខំប្រឹងប្រែងខិតខំជំនៈការលំបាកក្នុងការប្រមូលដឹកសំរាមចេញពីទីក្រុង ក្នុងរយៈពេលដែលកម្មករក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្ម ព្រមទាំងបានធ្វើចលនាឲ្យកម្មករក្រុមហ៊ុនស៊ីនទ្រីចូលធ្វើការឡើងវិញ ។
លោកប៉ា សុជាតិវង្ស ក៏បានវាយតម្លៃពោះចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ចុះជំរុញនិងប្រជុំដកបទពិសោធន៍ការងារសមាគមមនុស្សចាស់តាមស្មារតីនៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សារាជធានីភ្នំពេញខណ្ឌអាណត្តិទី៣លើកទី ១៤នៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០។
លោកប៉ាសុជាតិវង្ស ក៏បានកោតសរសើរផងដែរលើការគ្រប់គ្រងដែនដីនគររូបនីយកម្មសំណង់និងសុរិយាដី ដែលរបាយការណ៍មានវឌ្ឍនភាពនិងបានធ្វើការដោះស្រាយទំនាស់មួយករណីលើទំនាស់សរុប២៨ករណីដែលមាន ។លោកក៏បានសម្តែងការកោតសរសើរផងដែរចំពោះការយកចិត្តទុកដាក់លើការងារថែទាំហេដ្ឋារចនាសម្ព័ន្ធដូចជាគំនូសចរាចរណ៍អនុវត្តបាន៨០០ម៉ែត្រការ៉េ នៅផ្លូវមុនីរ៉េតនិងផ្លូវសាដឺហ្គោល ការលុបបំបាត់សំបុកមាន់អនុវត្តបាន១៤៨២ម៉ែត្រការ៉េ នៅលើផ្លូវតូចធំនានាក្នុងរាជធានីភ្នំពេញនិងការលុបស្នាមប្រេះអនុវត្តបាន ៣៥០ម៉ែត្រការ៉េ នៅផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៦ ៕