នគរបាលខេត្តព្រះសីហនុ បញ្ជាក់ពីករណីគណនេយ្យហ្វេសប៊ុក បង្ហោះពាក់ព័ន្ធករណីឧកញ៉ាម្នាក់វ៉ៃស្រ្តីទន់ខ្សោយ
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជំរាបជូនថា ករណីខាងលើបានកើតឡើងនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី នៅហាងឡាវ៉ុក ជាន់ទី១២ ស្ថិតក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មកម៉្លេះរវាងឈ្មោះ គឹម ចាន់សុធី ភេទស្រី សញ្ជាតិខ្មែរ អាយុ២៧ឆ្នាំ និងឈ្មោះ ភារម្យ វិចិត្រដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរដូចគ្នា។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមបញ្ជាក់ថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឈ្មោះ គឹម ចាន់សុធី និងឈ្មោះ ភារម្យ វិចិត្រដារ៉ា បានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទរវៀងគ្នា និងគ្នារួចរាល់ ហើយឈ្មោះ គឹម ចាន់សុធី ក៏បានស្នើសុំដកពាក្យបណ្តឹងរបស់នាងដែលចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅថ្ងៃដដែរនោះដែរ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមបញ្ជាក់បន្ថែមថា សំណុំរឿងនេះលោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងផែនប្រឆាំងបទល្មើសព្រហ្មទណ្ឌ បានបញ្ជូនទៅព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕
