សម្ដេចក្រឡាហោម ស ខេង ប្រកាសលុបបំបាត់ រឿងកងកម្លាំងពន្លត់អគ្គិភ័យ មិនធ្វើសកម្មភាពបាញ់ពន្លត់អគ្គិភ័យ បែរជាទៅតថ្លៃគ្នារឿងលុយ
ខេត្តកណ្ដាល ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា មានករណីមន្ត្រីពន្លត់អគ្គិភ័យមួយចំនួន បានទៅដល់កន្លែងកើតហេតុហើយ មិនធ្វើសកម្មភាពបាញ់ពន្លត់អគ្គិភ័យទេ បែរជានៅតថ្លៃជាមួយជាមួយជនរងគ្រោះ ទុករូបភាពបែបនេះនៅតទៅទៀតអត់បានទេ គឺត្រូវលុបបំបាត់។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។ ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ បើទោះបីជា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យលើការរឹតបន្ដឹងច្បាប់ចរាចរណ៍នៅឆ្នាំ២០២០កន្លងទៅ តាមរយៈការកាត់បន្ថយបាននូវចំនួនគ្រោះថ្នាក់ អ្នករបួស និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវក៏ដោយ ជាក់ស្ដែង ឆ្នាំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីប្រធានក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតបានចូលរួម។
តាមរបាយការណ៍ពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ កើតឡើងចំនួន ៣,១៧៩ករណី ធៀបនឹងឆ្នាំ២០១៩ កើតឡើង ចំនួន ៤,១២១ករណី ថយចុះចំនួន ៩៤២ករណី។ ដោយឡែក អ្នកស្លាប់ដោយសារគ្រោះថ្នាក់ នៅឆ្នាំ២០២០ ចំនួន ១,៦៤៦នាក់ ធៀបនឹងឆ្នាំ២០១៩ ចំនួន ១,៩៨១នាក់ ថយចុះចំនួន ៣៣៥នាក់។
របាយការណ៍បញ្ជាក់ថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ បណ្ដាលមកពីល្បឿន ៣៣ភាគរយ, មិនគោរពសិទ្ធិ ២៤ភាគរយ, មិនប្រកាន់ស្ដាំ ១៥ភាគរយ, បើកវ៉ាជែងគ្រោះថ្នាក់ ១០ភាគរយ, បត់ឆ្វេង ស្ដាំ មិនប្រយ័ត្ន ៩ភាគរយ, ស្រវឹង ៥ភាគរយ, កត្តាយាន ៣ភាគរយ និងងងុយ ១ភាគរយ។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ឡានទៅដល់ហើយ បញ្ឈរច្រូងច្រាងនៅកន្លែងកើតហេតុហ្នឹង តែអត់ទាន់បាញ់ទេ។ មានភ្លើងភ្លឹបភ្លែតៗ នៅហ្នឹង ឡានព្រោងព្រាត អត់ទាន់បាញ់នៅតថ្លៃគ្នាសិន។ អាហ្នឹងអត់បានទេ ស្នើទៅដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ពិនិត្យ និងត្រូវលុបបំបាត់ឱ្យខាងតែបាន។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ករណីនេះ សមត្ថកិច្ចយើងខុសហើយ ប្រតិបត្តិករយើងខុសហើយ មិនត្រូវទេ។ អ៊ីចឹងហើយបានថាគ្រប់កន្លែង ជាពិសេសទីប្រជុំជន-ទីក្រុង គឺត្រូវមើលអាហ្នឹង។ មានឡានទឹក ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ លោកស៊ីប្រាក់ខែរដ្ឋ… ការពិតហើយ ជួនគ្នាប្រាក់ខែតិចតួច យើងយល់បញ្ហាហ្នឹង យើងត្រូវមានគោលនយោបាយលើកទឹកចិត្ត។ ប៉ុន្តែបងប្អូនមន្ត្រីកងកម្លាំងមិនត្រូវបំពេញបេសកកម្មដោយយកអាហ្នឹងធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ អាហ្នឹងវាអត់ត្រូវទេ គឺខុសហើយ។
សម្តេចក្រឡាហោម លើកឡើងថា យើងសុខចិត្តថា ត្រូវថែមប្រាក់ឧបត្ថម្ភ ឬប្រាក់លើកទឹកចិត្ត ក្នុងករណីនីមួយៗទៅដល់កងកម្លាំងយើងវិញ សូមឱ្យគាត់កុំទៅតថ្លៃគេ។ តថ្លៃយ៉ាងម៉េច? គ្នាកំពុងតែរងគ្រោះ ភ្លើងវាឆេះផ្ទះ ទៅតថ្លៃថាប៉ុណ្ណេះមក បានយើងបាញ់ឱ្យអាហ្នឹងមិនងាប់គ្នាទៀតទៅហើយ បានលុយពីណាឱ្យ បើលុយវានៅក្នុងភ្លើងអស់ហើយហ្នឹង៕