រកឃើញពលករខ្មែរ ២នាក់ទៀតបានស្លាប់ ដោយគ្រោះរញ្ជួយដីនៅប្រទេសថៃ ជនរងគ្រោះ មានឈ្មោះ សាន់ សឿន និង សុខ គិមសី
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពី មរណភាពនៃពលករខ្មែរដែលបណ្តាលមកពីការរញ្ជួយដីនៅប្រទេសថៃ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលទទួលបាន។
ក្រសួងបានបញ្ជាក់ថា យោងតាមលទ្ធផលនៃ ការពិនិត្យកោសល្យវិច័យ DNA របស់វិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា សពពិតជាឈ្មោះ លោក សាន់ សឿន អាយុ ៣៨ឆ្នាំ និងឈ្មោះ លោកស្រី សុខ គឹមសី អាយុ ៣១ឆ្នាំ បានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រាកដមែន។
ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុង សម្របសម្រួលរៀបចំឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ដើម្បីយកសពមកធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកកំណើត ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។
គួរបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃកើតមានគ្រោះរញ្ជួយដីនៅប្រទេសថៃ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីកំណត់អត្តសញ្ញាណពលករខ្មែរដែលបាត់ខ្លួន និងបានផ្តល់ការគាំពារ ទាន់ពេលវេលាដល់ក្រុមគ្រួសារបងប្អូនពលករខ្មែរដែលបានទទួលមរណភាព និងរងរបួសដោយសារគ្រោះ មហន្តរាយធម្មជាតិនេះ៕