ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​វប្បធម៌ កោះហៅ​អា​ជី អា​ម៉ី និង​អ្នក​សម្តែង​រឿង «​ទុំ​ទាវ ២០២១» ទៅ​បំភ្លឺ​

47

 

​ភ្នំពេញ​៖​ក្រុម​អ្នកលក់​ឡេ​ពង្រីក​ដើមទ្រូង អា​ជី និង​អា​ម៉ី ថត​រឿង «​ទុំ​ទាវ ២០២១» ត្រូវបាន​រីក​រាលដាល​យកទៅ​ផ្សព្វផ្សាយ​បន្ត​នៅលើ​បណ្តាញ​សង្គម Tik Tok ដែល​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។​

​វីដេអូ​រឿង «​ទុំ​ទាវ ២០២១» នេះ​ផងដែរ ដែល​ដឹកនាំ​សម្តែង​ដោយ​មេក្រុម​ឈ្មោះ AhGi Leader ត្រូវបាន​មហាជន​មើលឃើញថា មាន​ឈុត​ឆាក​កាយវិការ​ដ៏​មិន​សមរម្យ​ច្រើន ជាពិសេស​បាន​យក​តួអង្គ​តំណាង​ឲ្យ​ព្រះសង្ឃ បែរមក​សម្តែង​ក្នុង​លក្ខណៈ​បែប​កំប្លែង​លេងសើច​ដ៏​មិន​សមរម្យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ទៅដល់​តម្លៃ​ព្រះពុទ្ធសាសនា តម្លៃ​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម​។​

​ហើយ​បើទោះជា​កញ្ញា អា​ជី និង​ប្អូនស្រី អា​ម៉ី បាន​លុបចោល​វីដេអូ​នោះ និង​ក៏​ដូច​ចេញមុខ​សុំទោស​ជា​សាធារណៈ នូវ​រាល់​កំហុសឆ្គង​របស់​ក្រុម​សម្តែងខ្លួន ខណៈ​មហាជន​ដែលមាន​ការខឹង​សម្បារ​ខ្លាំង បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​ជម្រុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ ទៅលើ​ក្រុម​នេះ​ឲ្យ​បាន​ដាច់ខាត ដើម្បី​ទុកជា​ការព្រមាន​ដល់​អ្នក​ក្រោយៗ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ នេះ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ និង​លើកសរសើរ បានចេញ​លិខិតអញ្ជើញ​ម្ចាស់​ផេ​ក Hokima និង​អ្នក​សម្ដែង​រឿង ទុំ​ទាវ ក្នុង​ផេ​ក Hokima ចូលទៅ​កាន់​ទីស្ដីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ទប់​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ នៅ​ថ្ងៃ​ពុធ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខ ក្រោយ​មានការ​រិះគន់​ខ្លាំង​ពី​សំណាក់​មហាជន ដើម្បី​ចូលមក​បំភ្លឺ ករណី​ការថត​កាឡៃ​រឿង​ទុំ​ទាវ ដែល​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សាសនា វប្បធម៌​ជាតិ និង​ប្រពៃណីជាតិ​។ ម្ចាស់​ផេ​ក និង​អ្នក​សម្តែង​រឿង​ទុំ​ទាវ ទាំងអស់ ត្រូវ​ចូលខ្លួន​មក​បំភ្លឺ​ឲ្យ​ទាន់ពេលវេលា​តាម​កាលបរិច្ឆេទ​ខាងលើ​ជា​កំហិត​។ បើ​ពុំ​ដូច្នេះ​ទេ ក្រសួង​នឹង​បន្ត​នីតិវិធី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​ការចាំបាច់​៕​

អត្ថបទដែលជាប់ទាក់ទង