ឯកអគ្គរាជទូត Kang ៖ កសាងភាពធន់នឹងបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក នៅភាគខាងជើងប្រទេសកម្ពុជា កាលពីម្សិលមិញ(៥កុម្ភៈ) ដោយទស្សនាសហគមន៍កំពង់ភ្លុកដើម្បីស្តាប់អំពីបទពិសោធន៍របស់ពួកគេ។ លំហូរទឹកទន្លេមេគង្គតិច កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការនេសាទ និងអេកូទេសចរណ៍ ធ្វើឱ្យជីវិតរស់នៅរបស់សហគមន៍តាមទន្លេសាបកាន់តែមានការលំបាក។ បម្រែបំរួលអាកាសធាតុ និងការអភិវឌ្ឍជាច្រើននៅប៉ែកខាងលើ កំពុងបង្កើតការគំរាមកំហែងរយៈពេលវែងដល់ស្ថានភាពរបស់ទន្លេមេគង្គ។
ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា តាមរយៈកម្មវិធីធនធានទឹកទន្លេមេគង្គ ប្រទេសអូស្រ្តាលីមានមោទនភាពក្នុងការគាំទ្រដល់ អង្គការអុកស្វាមនិងក្រុមសម្ព័ន្ធមិត្តសកម្មភាពជលផល ដើម្បីកសាងសមត្ថភាពសហគមន៍ ចូលរួមជាមួយអ្នកធ្វើគោលនយោបាយ លើការសម្រេចចិត្តដែលជះឥទ្ធិពលដល់អនាគតទន្លេមេគង្គ។
ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដើម្បីស្វែងយល់បន្ថែមអំពីបទពិសោធន៍របស់សហគមន៍ អំពីការប្រែប្រួលនៃលំហូរទន្លេមេគង្គ និងផលប៉ះពាល់លើជីវភាពរស់នៅរបស់ពួកគេ។
អូស្រ្តាលីកំពុងគាំទ្រគណៈកម្មការទន្លេមេគង្គ ក្នុងការផ្តល់ភស្តុតាងប្រើប្រាស់ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ លើការអភិវឌ្ឍន៍ទន្លេមេគង្គ និងការពិភាក្សារវាងប្រទេសជាសមាជិក។ យើងមានមោទនភាពក្នុងការគាំទ្រដល់សង្គមស៊ីវិល និងសហគមន៍ដែលរងផលប៉ះពាល់ដើម្បីចូលរួមជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្តទាក់ទងនឹងការអភិវឌ្ឍមេគង្គ៕