ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ច្បារអំពៅ ចុះ​បញ្ជា​កម្លាំង​ផ្ទាល់ ក្រោយ​ចរាចរណ៍​ផ្លូវជាតិ​លេខ​១ មានការ​កកស្ទះ​ខ្លាំង​ព្រឹក​មិញ

33

 

​ភ្នំពេញ ៖ បន្ទាប់ពី​ស្ថានភាព​ចរាចរណ៍​ផ្លូវជាតិ​លេខ​១ (​ចំណុច​ត្រើយ​ខាងកើត​គល់ស្ពាន​ព្រះមុន្នីវង្ស​) ត្រូវបាន​កកកុញ​ស្ទះ​ណែនណាន់តាន់តាប់ កាលពី​វេលា​ព្រឹក​មិញ ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ គេ​ស​ង្គេ​ត​ឃើញ​វត្តមាន​របស់លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​ចុះ​ដោយផ្ទាល់​ដល់ទី​តាំង​កក​ស្ទះ ដើម្បី​បញ្ជារ​ដល់​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ និង​នគរ​បាលច​រា​រណ៍ ក្នុងការ​ឈរ​សម្រួល និង​រំដោះ​ការ​កកកុញ​ស្ទះ ។​

​ការកកស្ទះ​ខាងលើ គឺមាន​ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ គិត​ចាប់ពី​បុរី​ប៉េង​ហួត​បឹង​ស្នោរ ដល់​ចំណុច​គល់ស្ពាន​ព្រះមុន្នីវង្ស​ចាស់​ថ្មី នៃ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។

​លោក​ចេង មុនី​រ៉ា អោយដឹងថា មូលហេតុ​នៃ​ការកកស្ទះ គឺ​ដោយសារ​ក្រុមការងារ​ជំនាញ បាន​នឹង​កំពុង​ជួសជុល​បង្កាន់ដៃស្ពាន និង​កន្លែង​ថ្មើរជើង នៃ​ស្ពាន​ព្រះមុន្នីវង្ស​ចាស់ ដែល​បាន​ខូចខាត ដោយ​ការជួសជុល​នោះ គឺ​ត្រូវ​ជួសជុល​ប្រវែង​៣​ម៉ែត្រ​សងខាង ប៉ុន្តែ​ជួសជុល​ត្រូវ​ជួសជុល​ម្តង​ម្ខាង ។ ដែល​កត្តា​នេះហើយ​ធ្វើ​ស្ថានភាព​ចរាចរណ៍​នៅលើ​ស្ពាន​ហាក់​មាន​ភាព​ចង្អៀត ទើប​បង្កអោយមាន​ជាការ​កកស្ទះ នៅ​បែក​ខាង​ច្បារអំពៅ ។

​ទន្ទឹមនឹង​ការជួសជុល​នោះ លោក​អភិបាលខណ្ឌ​ក៏បាន​ដាក់​កម្លាំង​នគរបាល និង​កម្លាំង​សណ្តាប់ធ្នាប់​សង្កាត់​ខណ្ឌ​ជាច្រើន​នាក់ ក្នុងការ​ចុះជួយ​សម្រួល ដល់​ការកកស្ទះ​ជាប្រចាំ​ផងដែរ នោ​តាម​បណ្តា​គោលដៅ​សម្ខាន់ៗ ពិសេស​ចំណុច​ស្តុ​ប​ផ្សារ​ច្បារអំពៅ និង​នៅលើ​ស្ពាន​ព្រះមុន្នីវង្ស​ចាស់​ជាដើម ។

​លោក​អភិបាលខណ្ឌ ស្នើ​ដល់​ពលរដ្ឋ​អ្នកដំណើរ​ទាំងឡាយ ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ចំណុច​ដែល​តែងតែ​កកស្ទះ​ខាងលើ មេត្តា​មានការ​អធ្យាស្រ័យ និង​យោគយល់​ខ្ពស់​ផង ចំពោះ​បញ្ហា​កកស្ទះ​ដែល​បាន​រំខាន​ដល់ពេល​វេលា និង​កិច្ចការងារ​ជាក់ស្តែង​របស់​បងប្អូន ។ ប៉ុន្តែ​ទន្ទឹមនឹងនោះ ក្នុងនាម​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខណ្ឌ នឹង​ខិតខំ​បន្ត ក្នុង​ការដាក់​កម្លាំង​ពាក់ព័ន្ធ ក្នុង​ការចុះ​ឈរ​សម្រួល​ជាប្រចាំ​ជានិច្ច ។​

​គួរ​បញ្ជាក់ថា នាពេល​បច្ចុប្បន្ននេះ ប្រទេស​កំពុង​ស្ថិតក្នុង​ការអភិវឌ្ឍន៍​កាន់តែ​ជឿនលឿន​ទៅមុខ ធ្វើអោយ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ក្នុងប្រទេស​មានការ​រីក​លូតលាស់ ពិសេស​នោះ​កំណើន​យានយន្ត និង​យាន្ត​ជំនិះ ក៏មាន​ការលក់​កើនឡើង​យ៉ាង​សន្ធប់ ស្រប​នឹង​កំណើន ប្រជាជន​បច្ចុប្បន្ន​ក៏​ច្រើន​ផងដែរ ។ កត្តា នៃ​ការកើនឡើង នៃ​ចំនួន​ប្រជាជន និង​យានយន្ត ឬ​យានជំនិះ​នេះហើយ ក៏​ជា​ផ្នែក​មួយ​តូច ដែល​បង្កអោយមាន​នូវ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ផងដែរ ពិសេស​នោះ គឺ​ការ​កកកុញ​ស្ទះ​នៅពេល​ព្រឹក​ឡើង​ម៉ោង​៧ និង​ល្ងាច​ម៉ោង​៥ ដែលជា​វេលា​ដែល​បងប្អូន​ពលរដ្ឋ​ចេញទៅ ឬ​មកពី ធ្វើ​ការងារ ទៅរក​ស៊ី ទៅ​រៀន​ទៅ​សូត្រ ជាដើម ។

​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដោយ​បើកបរ​ចេះ​គោរព​អា​ធ្រា​ស្រ័យ​គ្នា​ទៅវិញទៅមក មិន​បំពាន​គ្នា គោរព​ភ្លើងស្តុប និង​ពាក់មួក​សុវត្ថិភាព និង​បំពាក់​កញ្ចក់​អោយបាន​ខ្ជាប់ខ្ជួន​ជានិច្ច ដើម្បី​អាយុជីវិត​អ្នក និង​អាយុជីវិត​អ្នកដំណើរ​ដទៃទៀត ៕​

អត្ថបទដែលជាប់ទាក់ទង