ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម​បញ្ជាក់បន្ថែម លើ​ការផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការ​នាំចូល​ត្រី​ចំនួន​៤​ប្រភេទ គឺ​ត្រី ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ ពី​ក្រៅប្រទេស មក​កម្ពុជា​

45

 

​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ឆ្លើយតប​ទៅនឹង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ ស្តីពី​ការបញ្ជាក់​បន្ថែម លើ​ការផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការ​នាំចូល​ត្រី​ចំនួន​៤​ប្រភេទ គឺ​ត្រី ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ ពី​ក្រៅប្រទេស​មក​កម្ពុជា​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដែលជា​ការជូនដំណឹង​អំពី​ការ​ព្រមព្រៀងគ្នា ដោយ​ស្ម័គ្រចិត្ត រវាង​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល ក្នុងការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​នាំចូល​ត្រី​ចំនួន ៤​ប្រភេទ រួម មាន ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ ពី​ក្រៅប្រទេស​។ ដើម្បី​បញ្ជាក់បន្ថែម​នូវ​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ជម្រាបជូន​សាធារណជន​ដូចខាងក្រោម​៖

១. ក្រសួង​នៅតែ​បន្ត​ការអនុញ្ញាតឱ្យ​នាំចូល​ផល ផលិតផល​ជលផល ជាពិសេស​ត្រី​ចំនួន ៤​ប្រភេទ​ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ តាម​តម្រូវការ​ជាក់ស្តែង​ក្នុងស្រុក ដោយ​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន គតិយុត្ត​ជា​ធរមាន​។​

២. ក្រសួង​នឹង​បន្ត​ពិគ្រោះ​យោបល់​ជាមួយ​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា អាជីវករ នាំចេញ នាំចូល​ផល ផលិតផល​ជលផល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ដើម្បី​កសាង និង​ទទួលស្គាល់​លិខិតបទដ្ឋាន​បច្ចេកទេស​។​

៣. តាមរយៈ​យន្តការ​គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វា​រី​វប្បករ ដើម្បី​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម និង​ពង្រឹង សមត្ថភាព​ប្រកួតប្រជែង របស់​វា​រី​វប្បករ​ស្របតាម​គោលការណ៍​ពាណិជ្ជកម្ម​សេរី ព្រមទាំង​ធានា​ដល់​ការការពារ​សុខភាព មនុស្ស សត្វ បរិស្ថាន និង​ជំរុញ​កំណើន​ពាណិជ្ជកម្ម​៕

អត្ថបទដែលជាប់ទាក់ទង