ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 រាជរដ្ឋាភិបាល រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៩ នៅ​ខេត្ត​ព្រះសីហនុ ចុងឆ្នាំ​២០២១​នេះ ក្រោយ​លើក​ពេល​មួយឆ្នាំ​នៅ​ឆ្នាំ​២០២០

46

 

​ព្រះសីហនុ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បានអនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ (​ជុំ​ទី​៣) ឡើងវិញ​នៅ​ចុង​
​ឆ្នាំ​២០២១ ខាងមុខនេះ ក្រោយ​លើក​ពេល​មួយឆ្នាំ​នៅ​ឆ្នាំ​២០២០ ដោយសារតែ​រង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ ថ្នាក់ដឹកនាំ​បានដាក់​ចេញ​គោលបំណង​ថា​នឹង​រៀបចំ​ឱ្យ​កាន់តែ​ពិសេស​ជាង​ឆ្នាំមុនៗ​។​

​ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ​ឱ្យបាន​ល្អប្រសើរ​រលូន​ទៅបាន ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួមជាមួយ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​រដ្ឋបាលខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុង​គោលបំណង​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន មន្ទីរ អង្គភាព​ជំនាញ​ត្រៀម​កិច្ចការ​មួយចំនួន​បណ្ដើរៗ​។​

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ណែ​នាំឱ្យ​ក្រុមការងារ​ចាប់ផ្ដើម​បង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ធ្វើ​កិច្ចការងារ​តាម​មុខព្រួញ​នីមួយៗ សំដៅ​រៀបចំ​ពិធីបុណ្យ​ទាំងមូល​ឱ្យបាន​រលូន​ជោគជ័យ​។ ក្នុងនោះដែរ​មានកម្ម​វិធី​សម្ដែង​សិល្បៈ ព្រឹត្តិការណ៍​កីឡា ការការពារ​សុខសន្តិភាព ការរៀបចំ​តុបតែង​
​សោភ័ណភាព​នៅតាម​ទីសាធារណៈ តាម​ឆ្នេរសមុទ្រ និង​ទីតាំង​សំខាន់​មួយចំនួនទៀត​។ ចំពោះ​ការរៀបចំ​ឱ្យមាន​វិថី​ម្ហូបអាហារ ក៏ត្រូវ​បាន​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន គាំទ្រ​រៀបចំ​ឱ្យបាន​ល្អប្រសើរ​។​

​ឯកឧត្តម​បាន​ជំរុញឱ្យមាន​ការនាំយក​ផលិតផល​កសិកម្ម សិប្បកម្ម ផលិតផល​ពាណិជ្ជកម្ម​ក្នុងស្រុក​មក​តាំង​បង្ហាញ​ក្នុង​ពិធីបុណ្យ​ឱ្យបាន​ច្រើន​បំផុត​។ ក្រៅពីនេះ​ត្រូវ​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍ សក្ដានុពល​ទេសចរណ៍​ដែលមាន​នៅតាម​រមណីយ​ដ្ឋា​ន សហគមន៍​ទេសចរណ៍ តំបន់​ទេសចរណ៍ធម្មជាតិ សក្ដានុពល​នៅតាម​តំបន់ឆ្នេរ​សមុទ្រ នៅតាម​កោះ និង​នៅ​សមុទ្រ​ឱ្យបាន​ទូលំ​ទំលាយ​នៅក្នុង​ពិធីបុណ្យ​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​សម្ដែង​សិល្បៈ ផលិតផល​ពាណិជ្ជកម្ម​នានា និង​ការចូលរួម​ទស្សនា​ពី​សំណាក់​ប្រទេស​
​ជិតខាង និង​ភ្ញៀវទេសចរ​បរទេស​ក្នុងស្រុក (​ភ្ញៀវទេសចរ​ផ្ទៃក្នុង​) ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា ទោះបី​រាជរដ្ឋាភិបាល​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នេះ​ក៏ពិតមែន ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ត្រូវតែ​ប្រកាន់ខ្ជាប់​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ការអនុវត្ត​តាម​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​អនុសាសន៍ ៣​កុំ និង ៣​ការពារ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជាប់​ជានិច្ច ដាច់ខាត​ត្រូវ​រួមគ្នា​អនុវត្ត​ឱ្យបាន​ហ្មត់ចត់​បំផុត​។​

​ឯកឧត្តម​អភិបាលខេត្ត គួច ចំរើន បាន​ប្ដេជ្ញា​អំពី​ការចូលរួម​អនុវត្ត​កិច្ចការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដោយមាន​ការចាត់​ឱ្យ​មន្ត្រី​ជំនាញ​នៅ​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ការងារ​តាម​មុខការ​រៀងខ្លួន ទាំង​ការងារ​រៀបចំ​ទីតាំង​ពិធីបុណ្យ ការត្រៀម​ការការពារ​បញ្ហា​សន្តិសុខ សុវត្ថិភាព​ថ្នាក់ដឹកនាំ អ្នករៀបចំ​កម្មវិធី ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ការរៀបចំ​តុបតែង​កែលម្អ​សោភ័ណភាព​ក្នុង​ទីក្រុង តាមផ្លូវ​សាធារណៈ​ជាដើម​។​

​ឯកឧត្តម គួច ចំរើន បានលើកឡើង​ឱ្យមាន​ការតាក់តែង​និពន្ធ​រឿង ឬ​សិល្បៈ​សម្ដែង​នៅ​ព្រឹត្តិការណ៍​ទេសចរណ៍​នេះ ដែល​រៀបរាប់​ពី​ប្រវត្តិ​ខេត្ត​ព្រះសីហនុ ឬ​ហៅ​តាម​ឈ្មោះ​ចាស់​ថា កំពង់សោម ដើម្បី​ទុកជា​សម្បត្តិ​វប្បធម៌​របស់​ខេត្ត ក៏ដូចជា​សម្រាប់​ប្រទេសជាតិ​ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន និង​ឯកឧត្តម គួច ចំរើន បាន​ឯកភាពគ្នា​ថា នឹង​យក​ឱកាស​រៀបចំ​ព្រឹត្តិការណ៍​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣​នេះ ជា​ឱកាស​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទៅកាន់​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​ឱ្យ​កាន់តែ​ល្បី​សុះសាយ​បន្ថែមទៀត ខណៈ​ឆ្នេរសមុទ្រ​កម្ពុជា​ទាំងមូល (​ព្រះសីហនុ កំពត កែប និង​កោះកុង​) ត្រូវបាន​អង្គការ​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​ពិភពលោក ចាត់បញ្ចូល​ជា​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​នៅលើ​ពិភពលោក​កន្លងមក ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រសិទ្ធ​នាម​តំបន់​ឆ្នេរសមុទ្រ​ទាំង​បួន​ខេត្ត​របស់ខ្លួន​នេះ​ជា «​តារា​រះ​នា​ទិសនិរតី​» ទៀតផង​។​

​ចំពោះ​ទីតាំង​រៀបចំ​កម្មវិធី​បុណ្យ​ធំៗ និង​កម្មវិធី​នានា​ទៀត​នោះ ក្រុមការងារ​នឹង​បន្ត​ពិភាក្សា​កំណត់ឱ្យ​បានច្បាស់លាស់​ប​ន្ថែ​ម​ទៀត​។​

​នាឱកាស​នោះ ឯកឧត្តម​បណ្ឌិត ថោង ខុន និង​ឯកឧត្តម គួច ចំរើន ក៏បាន​បន្ត​ដឹកនាំ​កិច្ចពិភាក្សា​ត្រៀម​រៀបចំ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​ផ្លូវ​ទាំង ៣៧ ខ្សែ​នៅ​ក្រុងព្រះសីហនុ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នា​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១ ខាងមុខ​។ ក្រៅពីនេះ ក៏មាន​ការប្រជុំ​ពិភាក្សា​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ទិវា​ជិះ​កង់​នៃ​ក្ដី​ស្រលាញ់​នៅ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខ​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង