ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​​តេ​ជោ ហ៊ុន សែន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ ឯកអគ្គរដ្ឋទូត​ថ្មី​ហ្វីលីពីន​ថ្មី​

78

​ភ្នំពេញ ៖នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ពុធ​ទី ១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូត​ថ្មី​ហ្វីលីពីន​ថ្មី​ប្រចាំ​នៅ​កម្ពុជា​។

​នៅក្នុង​ជំនួប​នោះ​លោកជំទាវ Maria Amelita C.Aquino បាន​សម្តែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ដែល​បាន​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩​បាន​យ៉ាង​ល្អប្រសើរ​។ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មានការ​រីក​រាល​ដាល​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​យ៉ាងតិច​បំផុត​។

​លោកជំទាវ ក៏បាន​គោរព​ថ្លែងអំណរគុណ និង​សំដែង​នូវ​ការរីករាយ​យ៉ាងខ្លាំង​ចំពោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស​ទទួលបាន​នូវ​សុខសន្តិភាព ដែលជា​មូលដ្ឋានគ្រឹះ​នាំ​កម្ពុជា​ឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ។
​លោកជំទាវ​បាន​គោរព​ជម្រាបជូន សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​ថា បេសកកម្ម​របស់លោក​ជំទាវ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច​និង​វិស័យ​វិនិយោគ​។

​លោកជំទាវ​បាន​បន្ថែមទៀតថា ការពង្រីក ពង្រឹង​ទំនាក់ទំនង ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ​នេះ គឺ​លោកជំទាវ នឹង​យកចិត្តទុកដាក់​ទៅលើ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​ដែល​បាន​ចុះហត្ថលេខា​ហើយ​នោះ​។ លោកជំទាវ​នឹង​ពិនិត្យមើល​លទ្ធភាព និង​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​ប្រទេស​យើង​ទាំងពីរ​មាន​រួមគ្នា​នោះ​។ លោកជំទាវ​ក៏បាន​គោរព​ជម្រាបជូន សម្ដេច​តេ​ជោ​ផងដែរ​ថា នៅពេល​ខាងមុខ លោកជំទាវ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើយ៉ាងណា ចាប់ផ្ដើម​ដំណើរការ​ទំនាក់ទំនង​សកម្មភាព​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​ឡើងវិញ បន្ទាប់ពី​ជំងឺ​កូ​វីត​១៩​បាន​សាបរលាប​ទៅ ដែល​កន្លងមក​ត្រូវបាន​ផ្អាក​មួយរយៈ​នោះ​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នូវ​អំណរ​អរគុណ និង​អបអរសាទរ​ជូន​ចំពោះ​លោកជំទាវ ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការនាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់ ឯកឧត្តម ប្រធានាធិបតី​ហ្វីលីពីន ជូន​ចំពោះ​សម្ដេច​។
​សម្ដេច​តេ​ជោ​ក៏បាន​យល់ស្រប​ជាមួយ​លោក​នឹង​ជំទាវ និង​បាន​សំដែង​នូវ​ការរីករាយ​ចំពោះ​ទំនាក់ទំនង​កម្ពុជា និង​ហ្វីលីពីន ដែលមាន​ការរីកចម្រើន ធំធាត់​ជា​លំដាប់​រហូតដល់​ពេលនេះ ។

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា ជាការ​ពិត​ជំងឺ​កូ​វីដ​១៩ វា​ពិតជា​បានធ្វើ​ឲ្យ​មានការ​ផ្អាក​នៃ​សកម្មភាព​សេដ្ឋកិច្ច វិនិយោគ និង​ពាណិជ្ជកម្ម​មួយចំនួន​ពិតមែន ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​យើង​នឹង​ការត្រៀមខ្លួន​ចាប់ផ្ដើម​សកម្មភាព​ទាំងនោះ​ឡើងវិញ ហើយ​យើង​គប្បី​ណា​ពិនិត្យមើល​សកម្មភាព និង​សក្តានុពល​ដទៃទៀត​ដែលមាន​ជាពិសេស​នៅក្នុង​ក្របខណ្ឌ​នៃ ខ័​ណ្ឌ​អាស៊ាន​China និង ASEM ផងដែរ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​លោកជំទាវ អគ្គរដ្ឋទូត​ហ្វីលីពីន​ថា កម្ពុជា​យើង​មាន​អង្ករ​នៅសល់​ជាច្រើន​ប្រមាណ​៦​លាន​តោន​ក្នុង​មួយឆ្នាំ ក្នុងន័យនេះ សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ឲ្យ​ហ្វីលីពីន ពិនិត្យមើល​លទ្ធភាព​ពិចារណា អំពី​ស្ថិរភាព​ស្បៀង​ជា​អង្ករ ដែល​មាននៅ​កម្ពុជា​សម្រាប់​ការនាំ​ចេញទៅ​ប្រទេស​ហ្វីលីពីន និង​ក្រៅពីនេះ​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ហ្វីលីពីន អាចមក​ដាក់ទុន​វិនិយោគ​នៅក្នុង​កម្ពុជា​យើង​បាន តាមរយៈ​ការដាក់ទុន​លើ​ផ្នែក​ម៉ាស៊ីនកិនស្រូវ ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​បង្កើតជា​បណ្ដាញ​ទិញស្រូវ​ស្តុក​ទុក ដើម្បី​នាំចេញ​ទៅ​ប្រទេស​ហ្វីលីពីន​។ ក្នុងន័យ​នេះដែរ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​ផងដែរ​ថា យើង​គប្បី​ណា​ពិនិត្យមើល​សក្តានុពល​ណា​ដែលមាន​នៅក្នុង​តំបន់​របស់​យើង ជាជាង​ពិនិត្យមើល​សក្តានុពល នៅ​ទី​ឆ្ងាយៗ ពោលគឺ​យើង​អាចធ្វើ​យ៉ាងណា ទាញយក​សក្តានុពល​នេះ​មកប្រើប្រាស់ ហើយ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​។
​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ​បាន​ផ្ញើជូន​នូវ​ការសួរសុខទុក្ខ ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ហ្វីលីពីន ក៏ដូចជា​ជូនពរ​ឲ្យ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា និង​សហការី​ទាំងអស់​ទទួលបាន​នូវ​ភាពជោគជ័យ​គ្រប់​ភារកិច្ច​៕


អត្ថបទដែលជាប់ទាក់ទង