ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំហំ​ពាណិជ្ជកម្ម​រវាងកម្ពុជា​-​រុស្ស៊ី​  ក្នុង​ឆ្នាំ​២០២០ ៦៣,៨១ លាន​ដុល្លារ​

57

 

 

​ភ្នំពេញ ៖ នា​ថ្ងៃ​ពុធ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ០៩:០០ នាទី​ព្រឹក នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​-​ស្ថាប័ន ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​គម្រោង​វិនិយោគ​ផ្តល់​ដោយ​សហព័ន្ធរុស្ស៊ី សំដៅ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២ នៃ​ក្រុមការងារ​ជាន់ខ្ពស់ ដើម្បី​ជំរុញ​គម្រោង​វិនិយោគ​អាទិភាព​រួម​កម្ពុជា​-​រុស្ស៊ី ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង        វិស័យ​ឯកជន​ប្រមាណ ៣០​រូប​។​

 

​ឯកឧត្តម​ប្រធាន បាន​ជម្រាបជូន​អង្គប្រជុំ​ឱ្យបាន​ជ្រាប​អំពី​សាវតា​នៃ​គម្រោង​វិនិយោគ​អាទិភាព​រួម​កម្ពុជា​-​រុស្ស៊ី ចំនួន 0៥ រួមមាន​៖ (១) ផលិតកម្ម​ដំបូល​ស៊ី​ប្រូ និង​បំពង់​លូ (២) ផលិតកម្ម​តម្លើងរថយន្ត​ដឹកទំនិញ​ម៉ាក KAMAZ និង   បណ្តាញ​ផ្តល់​សេវាកម្ម (៣) ការផ្គត់ផ្គង់​ឧបករណ៍​ដុត​កាកសំណល់​រឹង (៤) ការផលិត​ល្បាយ​អ៊ី​សូ​ឡង់​ការពារ​កម្តៅ​បានមកពី​អង្កាម និង​ចំបើង និង (៥) ការផ្គត់ផ្គង់​ឧបករណ៍​បណ្តាញ GPON (Gigabit Passive Optical Networks) និង Network សម្រាប់​ប្រព័ន្ធ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន​។​

 

​គម្រោង​វិនិយោគ​អាទិភាព​រួម​កម្ពុជា​-​រុស្ស៊ី​នេះ នឹង​ផ្តល់នូវ​ឱកាស​ធុរកិច្ច​ថ្មី​សម្រាប់​វិស័យ​ឯកជន​របស់​ភាគី​ទាំងពីរ​ក្នុងការ​ចូលរួម​អនុវត្ត​គម្រោង​វិនិយោគ​ខាងលើ សំដៅ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។ ថ្វីត្បិតតែ​នៅក្នុង​បរិការណ៍​កូ​វីដ​-១៩​ក៏ដោយ ក៏​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​រុស្ស៊ី នៅតែមាន​ភាពល្អប្រសើរ ។ ជាក់ស្តែង  ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បាន​កើនឡើង​ប្រមាណ ១៥% ពី ៥៥,៣៦ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩ ទៅ ៦៣,៨១ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២០ ។ ម្យ៉ាងវិញទៀត តាមរយៈ​កិច្ចប្រជុំ​លើក​ទី​២ នៃ​ក្រុមការងារ​ជាន់ខ្ពស់​ជំរុញ​គម្រោង​វិនិយោគ កម្ពុជា​-​រុស្ស៊ី នាពេលខាងមុខ នឹង​អាច​ផ្តល់ឱកាស​ក្នុងការ​ចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​រុស្ស៊ី​។​

 

​ជា​កិច្ចបញ្ចប់ អង្គប្រជុំ​បានបង្ហាញ​នូវ​ការគាំទ្រ និង​បេ្ត​ជ្ញា​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង  រុស្ស៊ី លើ​ការអនុវត្ត​គម្រោង​វិនិយោគ​អាទិភាព​រួម ដែល​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច លើកកម្ពស់​កម្រិតជីវភាព ជូន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការផ្ទេរ​នូវ​បច្ចេកវិទ្យា វិធីសាស្ត្រ​គ្រប់គ្រង និង​ការបង្កើត​នូវ​ឱកាស​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​។​

អត្ថបទដែលជាប់ទាក់ទង