ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អាជ្ញាធរ​នាំ​មនុស្ស​៧៧​នាក់ ដែល​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​ទៅពិនិត្យ​នៅ​ស្រុក​ពារាំង

43

 

​ព្រៃវែង​៖ លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បាន​ថ្លែងថា មនុស្ស​៥៣​នាក់ ដែលមាន​ការពាក់ព័ន្ធ និង​កូនសិស្ស​២៤​នាក់ ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​ស្ត្រី​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​មកលេង​ស្រុកកំណើត​នៅ​ភូមិ​ជំនីក ឃុំ​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ត្រូវបាន​អាជ្ញាធរ​បញ្ជូនទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។ ចំណែក​អ្នក​ដែល​ពាក់ព័ន្ធ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​ទៅពិនិត្យ ព្រមទាំង​ស្រាវជ្រាវ​បន្តទៀត​។​

​បើតាម​លោក​អភិបាលស្រុក «​តាម​ការសាកសួរ​ព័ត៌មាន មុនដំបូង​ប្ដី​ប្រពន្ធ​រូបនោះ​មាន​អា​ការៈមិន​ស្រួលខ្លួន​ក្អក ដោយ​សង្ស័យ​ពួកគេ ក៏បាន​ទៅពិនិត្យ​នៅ​មន្ទី​ពេទ្យ​ខ្មែរ​មិត្តភាព​-​រុ​ស្ស៉ី រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ដើម្បី​មក​យក​សំណាក​ពួកខ្លួន ទៅពិនិត្យ រួច​ទុក​លេខ​ទូរស័ព្ទ​នៅ​គ្រូពេទ្យ​។ បន្ទាប់មក​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ប្រពន្ធ​បាន​ជិះ​កង់​បី​ឥណ្ឌា ជាមួយ​ម្តាយ​មកលេង​ស្រុកកំណើត​មាន​គ្នា​ពី ៣ ទៅ​៤​នាក់ នៅ​ភូមិ​ជំនីក ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​។ រីឯ​ប្តី​នៅ​ភ្នំពេញ ខណៈ​មកដល់​ផ្ទះ​មាន​អ្នកជិតខាង​បងប្អូន​មកលេង និង​សួរសុខទុក្ខ​ផងដែរ លុះ​ក្រោយមកទៀត​ស្រាប់តែ​ក្រុមគ្រូពេទ្យ​នៅ​ភ្នំពេញ​បាន​ទូរស័ព្ទ​មក​ថា លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩ ទើប​ពួកគេ​ចេញពីផ្ទះ​វិលត្រឡប់​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​តែម្ដងទៅ​»​។​

​លោក​បាន​បញ្ជាក់ថា ដោយមាន​ការណែនាំ​ពី​អាជ្ញាធរខេត្ត​ដែលមាន​លោក ជា សុ​មេធី អភិបាលខេត្ត បានដាក់​បទបញ្ជា​ទៅ​អាជ្ញាធរ​ក៏ដូចជា​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវតែ​យក​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​ច​ត្តា​ឡី​ស័ក​នឹង​យក​សំណាក ទៅពិនិត្យ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​។ ចំណែក​ទីតាំង​ដែល​កើតហេតុ​កំពុង​តែមាន​ហ៊ុ​ព័ទ្ធ​មិនឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​នោះទេ​។ ចំណែក​កូនសិស្ស ២៤​នាក់ ដែល​រៀន​នៅ​សាលា​វិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន កំពង់​ពពិល ក៏​កំពុងតែ​ឱ្យនៅ​មួយកន្លែង​ដើម្បី​មន្ត្រី​ជំនាញ​ធ្វើការ​ពិនិត្យ​ផងដែរ​។​

​បច្ចុប្បន្ន អ្នកពាក់ព័ន្ធ​អាជ្ញារ​ស្រុក​ពារាំង និង​ការិយាល័យ​សុខាភិបាល​ស្រុក និង​ខេត្ត​ស្រាវជ្រាវ​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តព្រៃវែង​៕​

អត្ថបទដែលជាប់ទាក់ទង