ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គភាព​ព័ត៌មាន អង្គការ សមាគម​ដែល​រៀបចំ​សិក្ខាសាលា ឬ​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​សារព័ត៌មាន ត្រូវ​ជូនដំណឹង​មក​ក្រសួង​ព័ត៌មានជាមុន​ ដើម្បី​មាន​កិច្ចសហការ​ជាមួយគ្នា សម្ដៅ​ឲ្យ​ការបណ្ដុះបណ្ដាល​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​ថែមទៀត​

46

​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​សូម​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ និង​អង្គការ សមាគម​ដែលមាន​បំណង​រៀបចំ​សិក្ខាសាលា ឬ​បើក​វគ្គ​បណ្តុះបណ្តាល​លើ​វិស័យ​សារព័ត៌មាន​ក្រៅពី​អង្គភាព​របស់ខ្លួន ត្រូវ​ជូនដំណឹង​ជាមុន​មក​ក្រសួង​ព័ត៌មាន ។​

​ក្នុង​លិខិត​របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មានដែល​ផ្ញើជូន​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រធាន​អង្គការ សមាគម​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​អះអាងថា កន្លងមក​ក្រសួង​សង្កេតឃើញថា អង្គភាព​សារព័ត៌មាន និង​អង្គការ សមាគម​មួយចំនួន បានរៀបចំ​សិក្ខាសាលា និង​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​សារព័ត៌មាន ដល់​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញការងារ​លើ​វិស័យ​ព័ត៌មាន និង​ជាពិសេស ក្រុមយុវជន​ដែលមាន​បំណង​ចង់​បំពេញការងារ​លើ​វិស័យ​ព័ត៌មាន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត ប៉ុន្តែ​ពុំមាន​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​អប់រំ​បណ្ដុះបណ្ដាល​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្រឹ​ត​ក្រម​ក្បួនខ្នាត​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​នៅឡើយ​។​

​ដើម្បី​ធ្វើការ​អប់រំ បណ្ដុះបណ្ដាល និង​អភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​សារព័ត៌មាន ឲ្យ​ចំ​គោលដៅ​មានគុណ​ភាព និង​មានការ​ទទួលខុសត្រូវ ក្នុងការ​បំពេញការងា​រ ជា​អ្នកសារព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ ព្រមទាំង​លើកស្ទួយ​សិទ្ធិ សេរីភាព​ខាង​សារព័ត៌មាន​ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ក្រសួង​ព័ត៌មាន​សូម​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ និង​អង្គការ សមាគម​ដែលមាន​បំណង​រៀបចំ​សិក្ខាសាលា ឬ​បើក​វគ្គ​បណ្តុះបណ្តាល​លើ​វិស័យ​សារព័ត៌មាន​ក្រៅពី​អង្គភាព​របស់ខ្លួន ត្រូវ​ជូនដំណឹង​ជាមុន​មក​ក្រសួង​ព័ត៌មាន ដើម្បី​មាន​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​អប់រំ បណ្តុះបណ្តាល​លើ​វិស័យ​សារព័ត៌មាន​ដ៏​មាន​សារសំខាន់​នេះ កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​ថែមទៀត​៕

អត្ថបទដែលជាប់ទាក់ទង