ក្រសួងសាធារណការ កំពុងត្រៀមរៀបចំពិធីបើកបវេសនកាលចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបើកបវេសនកាលចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក និងមន្ត្រីជំនាញដោយផ្ទាល់នៅក្នុងសាលប្រជុំ និងការអញ្ជើញចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយផងដែរ។
កិច្ចប្រជុំនេះពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន៖ ការប្រកាសសមាសភាពសមាជិកសមាជិកាគណៈ កម្មការសម្រាប់ដឹកនាំគ្រប់គ្រង ចាត់ចែង និងសម្របសម្រួលក្នុងការរៀបចំពិធីបើកបវេសនកាលចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។
ជាមួយគ្នានោះ អង្គប្រជុំបានពិភាក្សាផងដែរលើនីតិវិធីនៃការត្រៀមរៀបចំការប្រឡងជ្រើសរើសសិស្ស និស្សិតចូលរៀនដោយតម្លាភាព លទ្ធភាពនៃការប្រឡងជ្រើសរើសតាមអនឡាញ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការដាក់ពាក្យប្រឡង កាលបរិច្ឆេទឈប់ទទួលពាក្យប្រឡង និងការប្រកាសលទ្ធផលប្រឡងផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានស្នើឱ្យសមាជិកសមាជិកាគណៈកម្មការសម្រាប់ដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលក្នុងការរៀបចំពិធី ខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនទៅតាមការបែងចែកភារកិច្ច និងការទទួលខុសត្រូវឱ្យបានម៉ត់ចត់ ដើម្បីត្រៀមរៀបចំពិធីនេះឱ្យដំណើរការទៅដោយរលូនតាមផែនការដែលបានគ្រោងទុក។
សូមជម្រាបជូនថា៖ វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។
វិទ្យាស្ថាននេះ ទទួលបានការអនុញ្ញាតពី ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិត ចាប់ពីកម្រិតជំនាញបច្ចេកទេស (វគ្គខ្លីៗរយៈពេលសិក្សាក្រោម១ឆ្នាំ ឬ១ឆ្នាំកន្លះ) កម្រិតមធ្យមបច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្រ (វិស្វករ បញ្ញាបត្រ+១) និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយមានកិច្ចសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលដៅរួមគ្នាជំរុញលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងធ្វើការចែករំលែកចំណេះដឹងប្រកបដោយចីរភាពដល់សិស្ស និស្សិត និងបញ្ញវន្ត។
វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាស្ថាប័នរដ្ឋ មានតួនាទីបណ្តុះបណ្តាល ពង្រឹង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សឱ្យមានចំណេះដឹង សមត្ថភាព គុណធម៌ និងប្រកាន់ខ្ជាប់វិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕