ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ អ្នក​នៅ​ជិត និង អ្នក​នៅ​ឆ្ងាយ​

73

​ភ្នំពេញ​៖​តាំងពី​កូ​វីដ ១៩​ផ្ទុះ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃទី​២០​កុម្ភៈ​មក​នាយ​ឡឺ​កឺ​ខ្ញុំ​ហាក់ដូចជា​លែង​ចង់​ឡឺ​កឺ​យ៉ាងម៉េច​ទេ​ហើយ​​ដូចជា​ចង់​ឆ្កួត​ទៅវិញ ។​
អង្គុយ​ផឹក​កាហ្វេ​ខ្មៅ​ជាមួយ​អ្នករត់​រ៉ឺម៉ក​សោះតែ​បែរជា​ខិតខំ​បញ្ចេញ​ទ្រឹស្ដី​ដូចជា​អ្នកប្រាជ្ញ​ទៅវិញ ។​នៅ​សុខៗ​បែរជា​នឹង​ឃើញ​ពាក្យ​​ខ្មែរ​មួយ​ឃ្លា​ដែល​គេ​ពោលថា​<​ការបម្រើ​ឧ៍​ពុក​ម្ដាយ​អ្នក​នៅ​ឆ្ងាយ​ច្រើនតែ​គាប់ ឯ អ្នក​ដែល​នៅ​បម្រើ​ជាប់​ច្រើនតែ​ខុស​មិនដែល​ត្រូវ​សោះ​> ។​គិត​​ទៅ​អ្នកបង្កើត​ពាក្យ​នេះ​មក​បើ​ខ្ញុំ​កើត​ទាន់​វិញ​អ្ហេះ​សុំ​ស៊ែ​ល​ហ្វី ហើយ​ថត​បង្ហោះ​ដាក់​ហ្វេ​ស​ប៊ុ​ក​ឪ្យ​ល្បី​តែម្ដង ។​
មែន​តើ ! អ្នកបម្រើ​ឧ៍​ពុក​ម្ដាយ​ជាប្រចាំ ផ្ដល់​អាហារ​ល្ងាច ព្រឹក បោកគក់​សម្លៀកបំពាក់​ជូន​គាត់​ក៏​គាត់​នៅតែ​មិន​សប្បាយចិត្ត ។​
​បើ​លោតែ​ម៉ែ ឧ៍​កាច​វិញ​អ្ហេះ​ជេរ​ព្រឹក​ជេរ​ល្ងាច ហើយ​ពេល​គាត់​ឈឺ​ថ្កាត់​នៅ​កំដរ​គាត់​មិនដែល​ហ៊ាន​ប្រហែស​ឡើយ​តែ​ក៏​នៅតែ​ខុស​និង​មិន​ពេញចិត្ត​គាត់​ទៀត ។​
ចំពោះ​អា​កូន​នៅ​ឆ្ងាយ​យូរៗ​មកលេង​ម្ដង​កាប់​មាន់​ម៉ែ ឧ៍​ស៊ី ៤ ឬ ៥​ក្បាល​ហើយ​ជូន​គាត់​តែ​១០ ឬ ២០​ម៉ឺន​ប៉ុណ្ណោះ​តែ​បែរជា​ម៉ែ ឪ​សរសើរ​នោះ​លែង​និយាយ​តែម្ដង ។​ជួនកាល​ជំពាក់​ប៊ី​យ៊ែ​រ​គេ​ផឹក​ហើយ​ទុក​ឲ្យ​ម៉ែ​ចេញ​លុយ​ទៀត​តែ​បែរជា​មានគុណ​សម្បត្តិ​នោះ​មាន ។​
និយាយ​រឿងនេះ​ធ្វើ​ឲ្យ​នាយ​ខ្ញុំ​នឹង​ឃើញ​ដល់​អ្នកធំ​មួយចំនួន ។ ពួក​កូនចៅ​ដែល​ស្មោះត្រង់​នៅ​ជាមួយ​រាប់​ឆ្នាំ​ខំ​យួរ​កាបូប ស្ពាយ​​ឯកសារ​ឲ្យ​តែ​បែរជា​មើលមិនឃើញ​ឡើយ ខ្លះ​ធ្វើការ​ដល់​ចូល​រ៉ឺ​ត្រែ​ត​បានត្រឹមតែ​ជួយ​ស្ពាយ​ឯកសារ​ឲ្យ​មេ​ប៉ុណ្ណោះ ។​ចំពោះ​បុណ្យ​សក្តិ បានតែ​​អ្នកផ្សេង​ដែល​ចេះ​ត្រឹម​អែបអប​ប៉ុណ្ណោះ ។​ពួកនេះ​យូរៗ​ទៅផ្ទះ​មេ​ម្ដង​តែ​គេ​ចេះ​ស្ពាយ​អ្វីដែល​មេ​ចូលចិត្ត​យកទៅ​ជូន​តែ​ប្រសិនបើ​មេ​អស់បុណ្យ អស់​សក្តិ​វិញ​អ្ហេះ​កុំ​សង្ឃឹមថា​នឹក​ស្រណោះ​មេ​ឲ្យ​សោះ ។​គេ​ច្បាស់​ជា​អែប​មេ​ថ្មី​ហើយ ។​
ពាក្យចាស់​លោក​ថា​<​នាយ​ថ្កើង​ត្បិត​ពល​>​ហេតុនេះ​ជា​ឧ៍​ពុក​ម្ដាយ ជា​មេដឹកនាំ​គេ​គួរតែ​មើល​កូនចៅ​ដែល​នៅ​កៀក​ឲ្យ​បាន​ច្រើន​កុំ​​ទុកចិត្ត​អា​កូនចៅ​ដែល​នៅ​ឆ្ងាយ​ពី​ខ្លួន​ពេក​ព្រោះ​មានការ​អ្វី​មិនអាច​មកជួយ​យើង​ទាន់ពេលវេលា​នោះទេ​ហើយ​ស្រួល​មិន​ស្រួល​ទូរស័ព្ទ​ទៅ​​ថា​ខ្លួន​រវល់ ឬ មាន​លេស​ផ្សេង​ផង​ក៏​មិនដឹង ។ នាយ​ខ្ញុំ​ចេះតែ​ថា​តាម​ការ​នឹង​ឃើញ​ប៉ុណ្ណោះ​ទេ​សូមកុំ​ខឹង ៕​

អត្ថបទដែលជាប់ទាក់ទង