ប្រទះឃើញសាកសពនារីម្នាក់ ដេកស្លាប់ក្នុងដីឡូត៍មួយកន្លែង សង្ស័យជាករណីរំលោភ ហើយសម្លាប់
ភ្នំពេញ ៖ ប្រទះឃើញសាកសពនារីម្នាក់ដេកស្លាប់ក្នុងដីឡូត៍មួយកន្លែង ទាំងអាក្រាតកាយ និងសភាពហើមស្អុយបង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៤ខែមីនាឆ្នាំ២០២១ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែងក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពនារីខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ដោយសពមានអាក្រាតកាយនិងហើមធុំក្លិនស្អុយទៅហើយ។
ប្រភពព័ត៍មាននៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដីឡូមួយកន្លែងខាងលើនេះ ម្ចាស់បានចាក់ទ្វាររបងទុកចោល ហើយជារៀងរាល់ថ្ងៃគេតែងតែឃើញក្រុមអ្នកជល់មាន់ នាំគ្នាផ្លោះរបងចូលទៅជល់មាន់ដូចសពដង មិនបានប្រទះឃើញសពនារីខាងលើនៅក្នុងដីឡូត៍នេះទេ ទើបតែព្រឹកមិញនេះមានរថយន្តដឹកកម្មករដឹកអុស ចូលទៅដឹកអុសក៏ធុំក្លិនស្អុយៗ រួចក៏ដើរចូលទៅក្បែរក៏ប្រទះឃើញនារីខាងលើដេកស្លាប់ទាំងអាក្រាតកាយ ហើយក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ។
ក្រោយពេលសមត្ថកិច្ចមូលដ្ឋានទទួលបានព័ត៌មានថា មានមនុស្សស្លាប់ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ រួមនឹងកម្លាំងជំនាញកោសល្យវិច័យ ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការហ៊ុមព័ទ្ធនៅជុំវិញកន្លែងកើត និងធ្វើការពិនិត្យសាកសព ក្រោយពេលពិនិត្យសាកសពរួចសមត្ថកិច្ចជំនាញ មិនបានបញ្ជាក់ប្រាប់ថា សពនារីខាងលើនេះស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនោះទេ ដោយសមត្ថកិច្ចរួសរាន់ដឹកសពចេញពីកន្លែងកើតយកទៅតម្កល់ទុកនៅវត្តសំបួរមាស ដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកតាមការបញ្ជាក់ពីលោក ហ៊ីង សាម៉ន មេភូមិទ្រា៤ បានប្រាប់អ្នកសារព័ត៌មានថា សពខាងលើជាមនុស្សស្រីវ័យប្រហែល២៨ឆ្នាំ សាកសពមានសភាពហើមស្អុយនិងអាក្រាតកាយ សង្ស័យជាករណីរំលោភហើយដឹកសាកសពយកមកទម្លាក់ចោល នៅក្នុងដីឡូត៍ខាងលើនេះ ហើយក៏មិនមែនជាអ្នកភូមិនេះដែរ ៕