យុវជនម្នាក់ក្លាយជាចោរ ក៏ព្រោះតែ ខ្លាចម្ដាយស្ដីបន្ទោសដោយសារយកម៉ូតូទៅបញ្ចាំ គ្មានប្រាក់លោះត្រឡប់មកវិញ
កំពង់ស្ពឺ ÷ នៅវេលាម៉ោង១១និង ០០នាទី ថៃ្ងទី០៥ ខែមីនា ឆ្នាំ២០២១កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ែន ណាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IA.2490 ជារបស់ឈ្មោះ ជឿន ចាន់សុខហេង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ០០នាទី នៅកន្លែងផ្ញើម៉ូតូក្នុងរោងចក្រ វេនធូរ៉ា ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីបាត់ម៉ូតូមួយគ្រឿង ដោយមានការសង្ស័យទៅហ្នឹងយុវជនម្នាក់តាមរយៈកាមេរ៉ាសុវត្ថិភាពភាព ក្រោយពិនិត្យនិងស្រាវជ្រាវអស់រយៈពេលជាង១៥ម៉ោង សមត្ថកិច្ចកំណត់មុខសញ្ញា សង្ស័យបាននិងឈានទៅធ្វេីការឃាត់ខ្លួនរកឃេីញវត្ថុតាងម៉ូតូមួយគ្រឿង ដែលជារបស់ជនរងគ្រោះ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញឱ្យដឹងថា ៖ ជនសង្ស័យបានយកម៉ូតូរបស់ខ្លួនទៅធ្វេីការបញ្ចាំ និងគ្មានប្រាក់លោះយកមកវិញ ដោយខ្លាចម្ដាយស្ដីបន្ទោសខ្លួន បានរកវិធីលួចយកម៉ូតូអ្នកដទៃដេីម្បីយកទៅផ្ទះបន្លំកុំឲ្យអាណាព្យាបាលដឹង ចៃដន្យពេលខ្លួនចេញមកក្បែររោងផ្ញេីម៉ូតូស្រាប់តែឃេីញម៉ូតូខាងលេីទុកចោលមានសោជាប់ស្រាប់ ខ្លួនបានធ្វេីសកម្មភាពលួចយកតែម្ដង។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងម៉ូតូមួយគ្រឿង ត្រូវបានផ្នែកព្រហ្មទណ្ឌអធិការដ្ឋានកំពុងធ្វើការសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ការតាមនីតិវិធី៕